ក្រសួងមុខងារសាធារណៈកំពុងគិតគូរលើផែនការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ
ភ្នំពេញ៖ ស្របពេលដែលឯកសារបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនពាក់ព័ន្ធជាមួយការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារខិតជិតដល់ការសម្រេចជាស្ថាពរ ក្រសួងមុខងារសាធារណៈ ក៏បានគិតគូរស្របពេលជាមួយគ្នាលើការងារនេះ ជាពិសេសការកំណត់វិធីសាស្ត្រ និងនីតិវិធីមួយចំនួនសំដៅដល់ការអនុវត្តការជ្រើសរើសមន្ត្រី ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ» ហើយឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ផែនការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធ។ ជាស្មារតី អង្គប្រជុំបានពិភាក្សាលើការកំណត់នីតិវិធីមួយចំនួន ជាពិសេសការពិនិត្យបន្ថែមលើ យន្តការការងារ និងការបន្ស៊ីទិន្នន័យនៃតម្រូវការមន្ត្រី ស្របតាមតម្រូវការ និងបរិបទចំពោះមុខ ក៏ដូចជាគោលដៅរយៈពេលមធ្យម និងវែង។

គួររម្លឹកថា ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាសកម្មភាពការងារមួយនៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ៕
ដោយ ង៉ាន់ ទិត្យ




