វត្តចំបក់ ខេត្តកំពង់ស្ពឺ បានទទួលអង្គកឋិនទាន ដើម្បីកសាងទីអារាម
កំពង់ស្ពឺ៖ នៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ វត្តចំបក់ ស្ថិតក្នុងបស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្តបានទទួលបច្ច័យសង្កត់ត្រៃចំនួនជាង ៣៣លានរៀលពីអង្គកឋិនទានដែលដង្ហែចូលក្នុង
សប្ដាហ៍នេះដោយឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ។
ជាមួយនឹងពិធីប្រកបដោយសទ្ធាជ្រះថ្លាក្រៃលែងចំពោះព្រះពុទ្ធសាសនានិងជំនឿពីអានិសង្សដែលអ្នកចូលរួមទាំងអស់ទទួលបានពីអង្គកឋិនទាននេះឯកឧត្តម នរៈ រតនវឌ្ឍនោ មានប្រសាសន៍ថា ព្រះពុទ្ធសាសនា មិនត្រឹមតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងស្មារតីប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិផងដែរ។
ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ និងជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺមានថេរដីការថា ទាយក ទាយិកា អ្នកធ្វើកឋិនបានទទួលអានិសង្សច្រើន ។ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្សដូចគ្នាផងដែរ ។ ក្នងនាមព្រះគ្រូចៅអធិការវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខា ធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ពីក្នុងនិងក្រៅខេត្ត ទាំងអស់ដែលបាននាំយក ត្រៃចីវរមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តវត្តចំបក់និងបានចូលរួមបច្ច័យដើមី្បកសាងសមទ្ធិផលក្នុងទីវត្ត។
បច្ច័យសង្កត់ត្រៃដែលទទួលបានពីអង្គកឋិនទានមានចំនួន ៣៣ ៥៦០ ០០០ រៀល ៕
ដោយ៖ ង៉ាន់ ទិត្យ








