មនុស្សប្រមាណ១៨ ម៉ឺននាក់កម្សាន្តពិធីប្រណាំងទូកខេត្តកណ្តាល
កណ្តាល៖រដ្ឋបាលខេត្តកណ្តាលបានបញ្ចប់ដោយជោគជ័យនិងបង្កនូវភាពសប្បាយក្នុងការប្រារព្ធពិធីអុំទូកប្រចាំខេត្ត រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានប្រជាពលរដ្ឋប្រមាណ ១៨ ម៉ឺននាក់ បានមកចូលរួមទស្សនានិងដើរកម្សាន្តតាមស្តង់លក់ដូរនានាដែលរៀបចំដោយរដ្ឋបាលខេត្ត។
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ដែលប្រារព្ធនៅដងទន្លេបាសាក់នៃក្រុងតាខ្មៅ រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា ថ្ងៃអុំទូកទី១ ប្រជាពលរដ្ឋប្រមាណ៨ម៉ឺននាក់បានចូលរួម ខណៈថ្ងៃទី២ដែលជាថ្ងៃបញ្ចប់មានអ្នកមកទស្សននិងកម្សាន្តប្រមាណ ១០ម៉ឺននាក់។
ពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើននាក់ទៀត ។ពិធីនេះមានទូកចូលរួមចំនួន៦៦ទូក ក្នុងនោះទូកអុំចំនួន៣០ទូក,ទូកចែវចំនួន៦ទូក និងទូកខ្នាតអន្តរជាតិចំនួន ២៧ទូក។ កម្លាំងចំណុះទូកចំនួន៣.៩៩៤នាក់។
ទន្ទឹមនេះក៏មានការរៀបចំស្តង់ពិព័រណ៍លក់ផលិតផលគ្រប់ប្រភេទ ចំនួន១១២ស្តង់ ក្នុងនោះស្តង់ “ភូមិ១ផលិត១ “ចំនួន៣០ស្តង់,ស្តង់លក់ទំនិញផលិតផល និងម្ហូបអាហារ ចំនួន៨២ស្តង់៕
ដោយ៖ង៉ាន ទិត្យ











