អង្គការ WHO ព្រមានថា ស្តុកវ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់អស់ហើយ
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ប្រកាសថា វ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់ ដែលនៅសេសសល់ក្នុងស្តុកសកល នៅពេលនេះបានអស់ហើយ។

អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា វ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់ ដែលនៅសេសសល់ក្នុងស្តុកសកល បានអស់ហើយ ដូច្នេះវានឹងរាំងស្ទះដល់ការងារបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។

ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ស្ថានភាពប្រចាំខែរបស់ខ្លួនថា ការផលិតវ៉ាក់សាំងបង្ការជំងឺអាសន្នរោគសកល កំពុងដំណើរការពេញសមត្ថភាព ប៉ុន្តែតម្រូវការ គឺលើសពីការផ្គត់ផ្គង់។

បើតាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ ស្តុកជាសកលនៃវ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់បានប្រើប្រាស់អស់ហើយ មិនមាននៅសេសសល់ទៀតទេ។
បញ្ហាកង្វះវ៉ាក់សាំងនេះ ត្រូវបានរំពឹងថា នឹងបង្កបញ្ហាប្រឈមដ៏ធំដល់ការឆ្លើយតប និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងការរីករាលដាលជំងឺអាសន្នរោគ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) មានករណីជំងឺអាសន្នរោគចំនួន ៤៣៩,៧២៤ករណី និងករណីស្លាប់ចំនួន ៣,៤៣២នាក់ ត្រូវបានរាយការណ៍នៅឆ្នាំ ២០២៤នេះ គិតមកទល់ថ្ងៃទី ២៩ ខែកញ្ញា។
កាលពីខែមេសា សម្ព័ន្ធវ៉ាក់សាំង Gavi និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូង EuBiologics បច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់តែមួយគត់ទៅកាន់ស្តុកសកល ទោះបីជាក្រុមហ៊ុនផលិតផ្សេងទៀតត្រូវបានរំពឹងថា នឹងផលិតវ៉ាក់សាំងប្រភេទនេះក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា