មន្រ្តីយោធាកម្ពុជា -ថៃ ទិសប្រាសាទព្រះវិហារជួបគ្នា ខណៈភាគីថៃបង្ហាញសមាសភាពថ្មី
ព្រះវិហារ៖ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានជួបគ្នាជាមួយមន្រ្តីយោធាថៃគឺឧត្តមសេនីយ៍ត្រីស៊ុមផុប ផារ៉ាវេត មេបញ្ជាការកងកម្លាំងស៊ុរៈណារីដែលទើបឡើងកាន់មុខតំណែងថ្មីនិងមេបញ្ជាការមេបញ្ជាការរងនិងទាហានកងកម្លាំងស៊ុរៈណារី ជាច្រើនរូបទៀត ។

ជំនួបដែលប្រព្រឹត្តទៅក្នុងភូមិសាស្ត្រភ្នំតាថាវ ត្រង់ចំណុចរោងណាត់ជួប (ដើមធ្នង់)ទិសប្រាសាទព្រះវិហារ ភាគីថៃបានបង្ហាញ ជូនភាគីកម្ពុជានូវសមាសភាពមេបញ្ជាការបណ្តាអង្គភាពរបស់ថៃមួយចំនួនដែលទើបឡើងកាន់មុខតំណែងថ្មី។ជំនួបនេះក៏រំលេចឡើងវិញនូវ លទ្ធផលនៃស្តីជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកម្ពុជា-ថៃ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ខែតុលាកន្លងទៅថ្មីៗនេះស្តីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ទាំងភាគីថៃនិងកម្ពុជាដែលមានកម្លាំងកំពុងឈរជើងតាមបណ្តាគោលដៅជួរមុខចាប់ពីភូមិសាស្ត្រអូរ៥០ដល់មុំបីនឹងបន្តជួបគ្នាដើម្បីបានស្គាល់គ្នាជិតស្និទ្ធ។ជាពិសេសជាមួយមេបញ្ជាការ បណ្តាអង្គភាពថៃ ដែលទើបឡើងកាន់មុខតំណែងថ្មី។

មន្រ្តីយោធាកម្ពុជា ថៃ បានបញ្ជាក់ជូនគ្នាទៅវិញទៅមកអំពីការបន្តរួមគ្នាដោះស្រាយបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដោយសន្តិវិធីនិងបន្តបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អរវាងថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរជាពិសេសកម្លាំងកំពុងឈរជើងទល់មុខនៅទិសទី១ប្រាសាទព្រះវិហារតាមរយ:ការជួបគ្នាជាប្រចាំនៅតាមបណ្តាគោលដៅធ្លាប់ជួប ដើម្បីដោះស្រាយបានភ្លាមៗរាល់យថាហេតុណាមួយកើតឡើងដោយចៃដន្យ៕
ដោយ៖សួន លីណា






