មេបញ្ជាការកងទ័ពជើងគោក ព្រមានដល់កងទ័ពទាំងអស់កុំពាក់ព័ន្ធ​នឹងបទល្មើសដីព្រៃរបស់រដ្ឋ

កំពង់ស្ពឺ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការងនៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានដាក់​បទបញ្ជាទៅដល់កងទ័ពចំណុះឱ្យជៀសចេញឆ្ងាយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសដីព្រៃរបស់រដ្ឋ ។ក្នុងករណីរកឃើញថាមាន​កងកម្លាំងណា​ជាប់ពាក់ព័ន្ធនឹងត្រូវបណ្តេញចេញពីអង្គភាពហើយចាប់ខ្លួនប្រគល់ឱ្យជំនាញបន្តនីតិវីធីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ ។

បទបញ្ជាដ៏ម៉ឺងម៉ាត់ខាងលើបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការ​យោធ​ភូមិភាគ​ទី៣ ជំនួសឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនា​ទីថ្មីនៅក្រសួងការពារជាតិកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤​នៅខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា កងទ័ពក្រៅពីកិច្ច​ការពារ​បូរណភាពទឹកដី គឺមានភារកិច្ចបន្ថែមការពារ​ធនធាន​ធម្មជាតិ ពិសេសព្រៃឈើដែលជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន។​ត្រូវរួម​គ្នាការពារ ។ ជាងនេះហាមការ​កាប់រានទន្រ្ទាន​ដីព្រៃរបស់រដ្ឋ ព្រោះវាជាអំពើខុសច្បាប់ ។ដូច្នេះត្រូវតែជៀសវាងនិងកុំចូលខ្លួន​ពាក់ព័ន្ធឱ្យសោះ។រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា​បានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅលើអ្នកពាក់ព័ន្ធនិងការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ។

នាយឧត្តមសេនីយ៍បន្ថែមថា ជាក់ស្តែងនាពេលថ្មីៗនេះក្រោមកិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើ​ពុករលួយ បង្ក្រាបបានជាច្រើនករណី និងបានដកហូត​យកដីព្រៃ​ត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។

គួរជម្រាបថា រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ​បានដាក់យុទ្ធនាការបណ្ដុះកូនឈើមួយលានដើម​យ៉ាងតិច​ក្នុងមួយ​ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជ​ធានី/ខេត្តកំពុងជំរុញឱ្យមានការដាំ​ឈើឡើង​វិញនៅតាមតំបន់មួយ​ចំនួនដែលរងការកាប់រានទន្ទ្រាន។នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រាប់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់​ត្រូវត្រៀមខ្លួនដើម្បីចូលរួមដាំឈើតាមការស្នើសុំរបស់មន្ត្រីជំនាញ ៕
ដោយ៖ម៉ុន សំអាន

ads banner