សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ចប់បេសកកម្មការទូតសភា និងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅប្រទេសឡាវ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រដោយជោគជ័យនិងសុវត្ថិភាព បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៤ ។
តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រទេសនិងប្រទេស សភានិងសភា ប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម។
អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នេះ សម្តេចប្រធានរដ្ឋសភា និងសមាជិក គណៈប្រតិភូទំាងអស់បានអញ្ជើញចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងសកម្ម និងប្រកបដោយផ្លែផ្កា ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ បានបិទបញ្ចប់ ដោយបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចំនួន ៣៧ ដែលក្នុងនោះ សភាកម្ពុជាបានចូលរួមគាំទ្រ (Co-sponsor) សេចក្តីសម្រេចចំនួន ៧ ។
ក្នុងពេលចូលរួមមហាសន្និបាតនេះ សម្តេចប្រធានរដ្ឋសភា បានអញ្ជើញទទួលទានអាហារពេលព្រឹកពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព ជាមួយឯកឧត្តម សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើ ទទួលទានអាហារពេលព្រឹកពិភាក្សាការងារជាមិត្តភាពជាមួយ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្ត ថៃ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុនឌៀរ ប៊ូដិន (Hon. Moundir Bouden) អនុប្រធានរដ្ឋសភា នៃប្រទេសអាល់ហ្សេរី និង បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ ។
ដោយឡែក គណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយនឹង លោកជំទាវ ម៉ារីយ៉ា ហ្វឺណាន់ដា (Hon. Maria Fernanda) ប្រធានរដ្ឋសភាទីម័រខាងកើត ឯកឧត្តម អាម៉េដ អាប់ឌូ វ៉ាហេ ហ្គារ៉ាតា (Hon. Ahmed Abdul Wahed Qarata) អនុប្រធានទី២ នៃសភាបារ៉ែន និងប្រតិភូសភាមកពីប្រទេសអាស៊ែបៃហ្សង់ ចិន អាល្លឺម៉ង់ ឥណ្ឌា ម៉ារ៉ុក ន័រវេ ទួកគី និងរុស្ស៊ី ផងដែរ។
វត្តមានគណៈប្រតិភូសភាកម្ពុជានៅក្នុងវេទិកាអន្តរសភាដ៍សំខាន់ក្នុងតំបន់នេះ ផ្តល់ជាឱកាសដល់ការលើកកម្ពស់វិស័យការទូតសភាកម្ពុជា និងការលើកកម្ពស់កិត្យានុភាព មុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ