រដ្ឋបាលខេត្តសៀមរាបពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីបុណ្យអុំទូក នៅពាក់កណ្ដាលខែវិច្ឆិកា

សៀមរាប៖ដូចគ្នានឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញដែរ រដ្ឋបាលខេត្ត​សៀម​រាប នឹងរៀបចំពិធីដូចគ្នានេះដែរនៅខេត្តរបស់ខ្លួននៅថ្ងៃទី១៤ និង​ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ។ការរៀបចំព្រឹត្តិការណ៍នេះក្នុងគោល​បំណង​បង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋជិតឆ្ងាយ និងទាក់ទាញ​ទេស​ចរផងដែរ។

កាលពីរសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤នៅសាលាខេត្តសៀមរាប​មានប្រជុំរបស់អនុគណៈកម្មការបច្ចេកទេស ក្រោម​ការ​ដឹកនាំ ប្រជុំ​ដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុ​គណៈ​កម្មការបច្ចេកទេស ដើមី្បត្រៀមរៀប​ចំព្រឹត្តិ​ការណ៍ព្រះ​រាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធាន​មនុស្សសាលា​ខេត្ត និងជាអនុប្រធាន គណៈកម្មការបច្ចេកទេសបាន​បញ្ជាក់​ថា មកដល់ពេលនេះលេខាធិការដ្ឋាន នៃគណៈកម្មការ បានទទួលក្នុងការ​ចុះឈ្មោះទូកដែលត្រៀមចូលរួមប្រកួត ដែលនឹង​ប្រព្រឹត្តទៅដងស្ទឹង​ប្រវត្តិសាស្ត្រសៀមរាបរយៈពេលពីរនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា។

ចំណែកលោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ខុសប្លែបពី​ឆ្នាំ​មុនៗ ដោយមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ចូលរួមការប្រកួតបើកវគ្គដំបូង។

លោក អ៊ឹង គឹមលាង ក៏បានណែនាំមួយចំនួនដល់ក្រុមការងារ​បច្ចេកទេស​ក្នុងការរៀបចំទីលានប្រកួតឱ្យបានល្អ និងធានាសុវត្ថិភាព ដល់ក្រុមកីឡាករ ។ចំណែកអនុគណៈកម្មការបច្ចេកទេស ត្រូវមើល​ការខុសត្រូវខ្ពស់លើការចាប់ផ្គូរផ្គងទូកប្រកបដោយភាពសុក្រឹត្យ និងគ្រប់គ្រងកីឡាករ កីឡាការិនីចំណុះទូកនីមួយៗឱ្យបានត្រឹមត្រូវ។
ដោយឡែកនៅរសៀលថ្ងៃទី២៤ ខែតុលាដដែល អនុគណៈកម្មការផ្គត់​ផ្គង់ បាញ់កាំជ្រួច និងបណ្តែតប្រទីប បានបើកការប្រជុំក្រោម​ការ​ដឹកនាំរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធាន​អនុគណៈកម្មការផ្គត់ផ្គង់ បាញ់កាំជ្រួច និងបណ្តែត​ប្រទីប។
លោក ង៉ូវ សេងកាក់ បានរំលឹកឱ្យផ្តោតការយកចិត្តទុកដាក់​ខ្ពស់​ចំពោះសុវត្ថិភាពជាចម្បង ។ចំពោះការរៀបចំ​ប្រទីបត្រូវតែរក្សា​បាននូវអត្តសញ្ញាណ អត្ថន័យពីប្រទីបរបស់ខ្លួន និងមានសោភណ​ភាពទាក់ទាញ​ភ្ញៀវជាតិ អន្តរជាតិ ទៀតផង។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកឆ្នាំ២០២៤នឹងប្រារព្ធនៅថ្ងៃទី១៤,១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ៖​ប៊ុន ​រដ្ឋា

ads banner