មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្តល់សារៈសំខាន់ខ្លាំងលើការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព
កំពង់ស្ពឺ៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានរំលឹកដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយផ្តោតសំខាន់លើសកម្មភាពអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ។
ជាមួយការកត់សម្គាល់សមិទ្ធផលដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងការផ្សព្វផ្សាយ អប់រំ អំពីច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហា
ផ្ទៃបានជំរុញរដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរក្រុង ស្រុក កងកម្លាំង និងមន្ទីរអង្គភាពឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការក្តាប់នូវសំណូមពរនិងដោះស្រាយបញ្ហាតាមជំនាញនៃវិស័យនីមួយៗ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា។
ឯកឧត្តមបញ្ជាក់ថា អនុវត្តគោលនយោបាយបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបន្តចាត់វិធានការបង្ក្រាបបទល្មើសនានា ជាប់ជាប្រចាំដូចភ្លៀងរលឹម។ពង្រីកការដោះស្រាយ បង្រួមបញ្ហាប្រឈមនានាដែលនៅសេសសល់ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងនូវរាល់បទល្មើសដែលបន្តកើតមានដោះស្រាយនិងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ,បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អំពើហិង្សា ចោរលួច បទល្មើសធនធានធម្មជាតិ បញ្ហាសំរាម និងការងារអត្តសញ្ញាណកម្មជាដើម៕
អត្ថបទ៖ម៉ុន សំអាត