ទេសចរជាង៦ម៉ឺននាក់មកកម្សាន្តពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖មានប្រជាពលរដ្ឋជិតឆ្ងាយ និងទេសចរជាតិ អន្តរជាតិចំនួន ៦៥ ០០០
នាក់បានមកទស្សនាពិធីប្រណាំងទូក ប្រកួតកីឡាប្រដាល់ ការសម្ដែងសិល្បៈនិងពិព័រណ៍ផលិតផល រយៈពេលពីរថ្ងៃនៅខេត្តស្ទឹងត្រែង ។នេះបើតាមលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែតុលា២០២៤ ។

រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីបុណ្យអុំ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ និងទី២៧ ខែតុលា ។លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងអំឡុងពេលនេះខេត្តទទួលភ្ញៀវជិតឆ្ងាយ ចំនួន ៦៥ ០០០នាក់។បើធៀបនឹងឆ្នាំមុនទេសចរមានការកើនឡើងចំនួន៤០ ៥៨៩ នាក់ស្មើនឹង ១៦៦,២៧ ភាគរយ ក្នុងនោះភ្ញៀវជាតិចំនួន៦៤ ៩៥៥នាក់និងទេសចរអន្តរជាតិចំនួន៤៥នាក់។

លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា ទូកចូលរួមប្រកួតឆ្នាំនេះមានចំនួន២២ទូក។ទូកនីមួយៗមានចំណុះកីឡាករ២២នាក់ ។ដោយឡែកសណ្តាប់ធ្នាប់ សន្តិសុខ បានរៀបចំយ៉ាងល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងរយៈពេល២ថ្ងៃនេះ៕


ដោយៈ ដេង ម៉ាវិន

ads banner