មេធំ SpaceX រិះគន់លោក បៃដិន ដែលថា ខ្លួនជា “កម្មករខុសច្បាប់” មុនក្លាយជាមហាសេដ្ឋីពិភពលោក
វ៉ាស៊ីនតោន : នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានរិះគន់ចំៗលើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបាននិយាយថា អ្នកជំនួញរូបនេះជា “កម្មករខុសច្បាប់” មុនពេលគាត់ក្លាយជាបុរសមានទ្រព្យជាងគេបំផុតនៅលើពិភពលោក។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្មីៗនេះ បានចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះថា ជាមនុស្សលាក់ពុតទាក់ទងនឹងប្រវត្តិអន្តោប្រវេសន៍របស់ខ្លួន។
ឆ្លើយតបទៅនឹងការអះអាងនេះ មេធំក្រុមហ៊ុន Tesla និង SpaceX លោក Musk បានចោទប្រកាន់លោក បៃដិន ថាបាននិយាយកុហកទាំងស្រុង និងថា ការបាត់បង់សម្លេងឆ្នោតកំពុងធ្វើឱ្យគណបក្សប្រជាធិបតេយ្យអស់សង្ឃឹម។
លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា តាមពិត ខ្ញុំបានទទួលការអនុញ្ញាតឱ្យធ្វើការនៅសហរដ្ឋអាមេរិកស្របច្បាប់។ ពួកគេ (រដ្ឋាភិបាល) បានដឹងរឿងនេះ ពីព្រោះពួកគេមានកំណត់ត្រារបស់ខ្ញុំទាំងអស់។
ការអះអាងបែបនេះរបស់លោក បៃដិន ធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយយោងតាមរបាយការណ៍របស់កាសែត Washington Post ដែលបានចោទប្រកាន់លោក Musk ថា ជាពាណិជ្ជករទទួលបានទិដ្ឋាការការងារក្នុងឆ្នាំ ១៩៩៦ បន្ទាប់ពីគាត់បានធ្វើការនៅក្នុងប្រទេសដោយគ្មាននរណាម្នាក់បានដឹងលឺ។
នៅពេលនោះ លោក Musk បានបើកដំណើរការក្រុមហ៊ុន Zip2 ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា (IT) ដែលផ្តល់អាជ្ញាប័ណ្ណកម្មវិធីមគ្គុទ្ទេសក៍ទីក្រុងអនឡាញសម្រាប់កាសែត៕
ប្រភព : RT ប្រែសម្រួលដោយ : ឈឹម ទីណា