បុរសម្នាក់ជិះកង់ចម្ងាយ ១៣,០០០គីឡូម៉ែត្រពីចិន ទៅជួប Cristiano Ronaldo នៅអារ៉ាប៊ីសាអូឌីត

រីយ៉ាដ : យុវជនចិនម្នាក់ជិះកង់រយៈពេល៧ខែ ពីប្រទេសចិនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅជួបវីរបុរសរបស់គាត់ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។

បុរសវ័យ ២៤ឆ្នាំត្រកូល Gong មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន បានចាប់ផ្តើមធ្វើដំណើរចាកចេញពីផ្ទះរបស់គាត់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្ពោះទៅភាគខាងជើងទីក្រុងប៉េកាំង មុនពេលបន្តដំណើរទៅភាគខាងលិច។

បន្ទាប់មករូបគេទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយឆ្លងកាត់ប្រទេសចំនួន៦ផ្សេងទៀត រួមមានហ្សកហ្ស៊ី អ៊ីរ៉ង់ និងកាតា មុនពេលទៅដល់រដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងកីឡាករបាល់ទាត់ដែលគាត់ស្រលាញ់ស្នាក់នៅ។

ការតស៊ូនេះមិនឥតប្រយោជន៍ទេ ពីព្រោះនៅទីបំផុត យុវជន Gong បានជួប Ronaldo នៅមុខក្លឹបបាល់ទាត់ Al Nassr កាលពីថ្ងៃទី២០ ខែតុលា ដោយបានបំពេញក្តីសុបិន្តដែលគាត់មានតាំងពីគាត់នៅតូចម្ល៉េះ។ យុវជន Gong បានរៀបរាប់ថា ខ្លួនរំភើបណាស់ដែលបានជួបបងប្រុស Ronaldo របស់គាត់ផ្ទាល់។

រូបគេមានគំនិតចង់ជិះកង់ទៅជួបអាយឌលរបស់ខ្លួន បន្ទាប់ពី Ronaldo បានលុបចោលដំណើរកម្សាន្តនៅប្រទេសចិនរបស់គាត់ ដោយសារតែរបួសកាលពីខែកុម្ភៈ។

បន្ទាប់ពីជួប Ronaldo យុវជន Gong បាននិយាយថា ទិសដៅបន្ទាប់របស់ខ្លួន គឺបន្តដំណើរទៅកាន់ស្រុកកំណើតរបស់ Ronaldo នៅប្រទេសព័រទុយហ្គាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner