វៀតណាម៖ តម្លៃ iPhone 16 ធ្លាក់ថ្លៃលើកដំបូង តាំងពីថ្ងៃដាក់លក់

បរទេស៖ កាសែត Vnexpress បានចេញផ្សាយពីការចុះថ្លៃ iPhone 16 ជាលើកដំបូង
ចាប់តាំងពីការដាក់លក់ បួនសប្តាហ៍មកនេះ ក្នុងនោះ ១គ្រឿង នៅសល់តម្លៃ មិនដល់៨៧០ដុល្លារអាមេរិក។

លោក Nguyen Lac Huy អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយរបស់ CellphoneS ដែលទទួលការអនុញ្ញាតជាអ្នកលក់បន្តពី Apple បាននិយាយថា ការបញ្ចុះតម្លៃលើ iPhone 16 ដូច្នេះ គឺចង់បង្កើនតម្រូវការ អ្នកប្រើប្រាស់។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ក៏មានការកែតម្លៃស្តង់ដារ iPhone 15 នៅ៤សប្តាហ៍ បន្ទាប់ពីចេញលក់ដែរ ហើយការលក់ ពេលនោះ បានកើនឡើង២៥%វិញ ។

ហាងលក់រាយ Di Dong Viet ឃើញមានការកើនឡើងបន្តិច នៃតម្រូវការសម្រាប់ iPhone 16 បន្ទាប់ពីបានប្រកាស ពីការបញ្ចុះតម្លៃ។

អ្នកលក់ចែកចាយ របស់ Apple នៅក្នុងប្រទេសវៀតណាម បានទម្លាក់តម្លៃ iPhone 16 ពី ៤ ទៅ ៦% ក្នុងនោះ ទំហំ 128 GB ឥឡូវនេះ ត្រូវបានលក់ក្នុងតម្លៃ ២២លានដុង ឬ ៨៦៨.៥៤ដុល្លារ ពោលគឺធ្លាក់ចុះពីតម្លៃ២៣លានដុង ឬ ប្រមាណ ៩១០ដុល្លារ កាលពីថ្ងៃទី២៧ ខែកញ្ញា ជាថ្ងៃ ដែលម៉ូដែល ឆ្នាំនេះ ត្រូវបានដាក់ឱ្យដំណើរការ នេះបើតាម VNexpress ដដែល។

សម្រាប់ទំហំ 512 GB វិញ ធ្លាក់ចុះ ៦% ពោលគឺមកនៅក្រោម ៣០លានដុង ឬ ១,១៨៥.៧៨ដុល្លារអាមេរិក ប៉ុន្តែ មិនមានការផ្លាស់ប្តូរតម្លៃ ចំពោះត្រកូល Plus, Pro និង Pro Max ចុងក្រោយ ដែលពេញនិយម នៅក្នុងប្រទេសវៀតណាម នោះទេ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner