ប្រធា​នគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យ​ប្រធានា​ធិបតី​សាធារណរដ្ឋកូរ៉េ កោតសរសើរការអភិវឌ្ឍនិងការរីក​ចម្រើនដ៏ឆាប់​រហ័សលើគ្រប់វិស័យរបស់កម្ពុជា

លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្ដែងការកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងកាន់តែអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ជាមួយគ្នានោះលោក Kim Han-Gil បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤​ ដែលការណ៍នេះកាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និងឧស្សាហកម្ម ជាដើម។ សម្ដេចធិបតីវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េដែលបាន​ផ្តល់ការគាំពារ​ដល់ពលករកម្ពុជា​ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យលោក Kim Han-Gil បន្តកិច្ចសហការដ៏ល្អ និងសកម្ម ជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ដល់ប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner