យន្តហោះចិនជោគជ័យធ្វើតេស្តល្បឿនលឿនជាងសំឡេង៤ដង
ប៉េកាំង : ក្រុមហ៊ុនដឹកជញ្ជូនអវកាសចិន Lingkong Tianxing និយាយថា យន្តហោះដឹកជញ្ជូនពាណិជ្ជកម្ម Yunxing របស់ខ្លួន បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ ហើយវានឹងចូលខ្លួនមកជំនួសយន្តហោះមានល្បឿនលឿនជាងសំឡេងពីរដង Concorde ដែលចូលនិវត្តន៍។
យន្តហោះស៊ីវិលដ៏ទំនើប Concorde បង្កើតឡើងដោយក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស និងបារាំង ដែលអាចហោះហើរក្នុងល្បឿនលឿនជាងសំឡេងពីរដង បានធ្វើប្រតិបត្តិការចាប់ពីឆ្នាំ ១៩៧៦ រហូតដល់ចូលនិវត្តន៍ក្នុងឆ្នាំ ២០០៣។
រីឯយន្តហោះ Yunxing ដែលរចនាឡើងបំពាក់ដោយម៉ាស៊ីនលឿនបំផុតថ្មីនេះ ត្រូវបានរំពឹងថា នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីរដ្ឋធានីប៉េកាំង ទៅកាន់ទីក្រុងញូវយ៉ក ពីជាង ១៥ម៉ោងមកត្រឹម ២ម៉ោងប៉ុណ្ណោះ ជាមួយនឹងល្បឿនលឿនជាងសំឡេងដល់ទៅ ៤ដង។
ក្រុមហ៊ុន Lingkong Tianxing ក៏គ្រោងនឹងធ្វើការវាយតម្លៃបន្ថែមទៀតទៅលើបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនរបស់យន្តហោះនៅក្នុងខែវិច្ឆិកា ហើយមានបំណងផលិតវាឱ្យរួចរាល់តែម្តង សម្រាប់ការហោះហើរជាផ្លូវការលើកដំបូងនៅឆ្នាំ ២០២៧។
ការបង្ហាញយន្តហោះគំរូមានល្បឿនលឿនជាងសំឡេងជំនាន់ថ្មីរបស់ប្រទេសចិន កើតឡើងស្របពេលដែលក្រុមហ៊ុនធំៗផ្សេងទៀតជុំវិញពិភពលោក ក៏មានគោលបំណងបង្កើតយន្តហោះដឹកអ្នកដំណើរក្នុងល្បឿនលឿនផងដែរ។
ជាក់ស្តែង ក្រុមហ៊ុន Reaction Engines របស់ចក្រភពអង់គ្លេសថ្មីៗនេះ បានចែករំលែកវឌ្ឍនភាពម៉ាស៊ីនយន្តហោះកូនកាត់ ឬហាយប្រ៊ីដ ដែលមានសមត្ថភាពហោះហើរពីអឺរ៉ុបទៅសហរដ្ឋអាមេរិកចាយពេលត្រឹមពីរម៉ោង ហើយបាននិយាយថា ប្រព័ន្ធម៉ាស៊ីន Saber របស់ពួកគេអាចជំរុញដែនកំណត់នៃការហោះហើរពាណិជ្ជកម្មសម្រាប់ថ្ងៃអនាគត។
ដោយឡែក ក្រុមហ៊ុន Boom Supersonic មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានផលិតយន្តហោះ Overture ដែលជាប្រភេទយន្តហោះយកគំរូតាមយន្តហោះ Concorde ផងដែរ ក្នុងគោលបំណងបំពេញតម្រូវការហោះហើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកនៅឆ្នាំ ២០២៩ ក្នុងកម្រិតល្បឿន Mach 2.2 ឬលឿនជាងល្បឿនសំឡេង ២.២ដង៕
ប្រភព៖ SCMP ប្រែសម្រួលដោយ៖ ឈឹម ទីណា