ឯកឧត្ដមឃួង ស្រេង អញ្ជើញពិនិត្យមើលការដ្ឋានកំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ដែលបាក់ស្រុតកាលពីជាង១ខែមុននោះ ដើម្បីពន្លឿនការជួសជុល
ភ្នំពេញ៖ ថ្ងៃទី៣១ ខែតុលា ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យមើលការដ្ឋាន កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ដែលបានបាក់ស្រុត ដើម្បីពន្លឿនការជួសជុល និងបានណែនាំឱ្យក្រុមការងារស្ថាបនាកំណាត់ផ្លូវនេះធ្វើអោយបានលឿន ជាមួយនិងការអនុវត្តការងារទៅតាមស្តង់ដាបច្ចេកទេស។
ឯកឧត្ដមឃួង ស្រេង បានណែនាំឱ្យក្រុមការងារ យកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ហើយនៅទីតាំងជាប់ៗគ្នានេះ ក៏បានបាក់ស្រុតច្រាំងប្រឡាយដែរ ដូច្នេះស្នើឱ្យក្រុមការងារបន្តជីកាយ យកដីស្អុយចេញ ចាក់ខ្សាច់កិនបង្ហាប់ កុំអោយបាក់បន្ថែមដល់ផ្លូវបេតុងទៀត។ ក្រោយការចាក់ខ្សាច់កិនបង្ហាប់ហើយ យើងចាក់ផ្លូវបេតុងដូចមុនតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង ក្រុមការងារបានសម្រុកអនុវត្តការងារ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយគុណភាពខ្ពស់ ។
កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ស្រុតជាបណ្តើរៗ កាលពីថ្ងៃទី២៣ កញ្ញាកន្លងមកនេះ។ ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិ ងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ធ្វើការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញភ្លាមៗ ។
គួរបញ្ជាក់ទៀតថា៖ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមានប្រវែង ១៤៦ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះ គឺដោយសារភ្លៀងធ្លាក់ខ្លាំងនិងជាប់គ្នាច្រើនថ្ងៃ ទើបបណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតតែម្តង ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ