ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម​សហគមន៍បៃតងឧទ្យានមេគង្គលែន ជាចំណុចចាប់ផ្ដើមនូវការផ្លាស់ប្ដូរនៃផ្នត់គំនិត និងជីវិតរបស់ប្រជាជនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា កម្មវិធី​ប្រកួតប្រ​ជែងស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែន របស់សិស្ស​និស្សិត​ក៏ដូចជាស្ថាបត្យករ ថាជាការចូលរួមដ៏ធំធេង និងជាចំណុចចាប់ផ្ដើមនូវការផ្លាស់ប្ដូរ​នៃផ្នត់​គំនិត​និងជីវិតរបស់ប្រជាជនកម្ពុជា ហើយជនរួមជាតិកម្ពុជានឹងស្រឡាញ់​គ្នាច្រើនជាងមុន ស្រឡាញ់ជីវិតខ្លួនឯង គ្រួសារ និងជីវិតអ្នកដទៃច្រើនជាងមុន ។ ដូច្នេះយើងត្រូវរួមគ្នាកសាងកម្ពុជា​ឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល​សម្រាប់ប្រជាពល​រដ្ឋងាយស្រួលរស់នៅប្រកបដោយភាពសុខដុមរមនា មានលំ​នៅ​ឋាន មានការងារនិងប្រាក់ចំណូលសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រ​សួង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុង​វគ្គផ្ដាច់ព្រ័ត្រការធ្វើបទបង្ហាញរបស់បេក្ខភាពទាំង ៦ក្រុម ក្នុងកម្មវិធីប្រកួត​ប្រជែង​ស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា កម្មវិធីប្រកួតជែងស្នាដៃស្ថាបត្យកម្មសហគមន៍បៃតងឧទ្យានមេគង្គលែននេះ មិន​គ្រាន់តែជាកម្មវិធីប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវសិល្បៈ នៃគំនិត​របស់និស្សិត និងស្ថាបត្យករ ពាក់ព័ន្ធទៅនឹងវិស័យស្ថាបត្យកម្ម ហើយកម្ពុជា​មិនអាច​នៅតែត្រឹមនេះបានទេ គឺត្រូវតែលូតលាស់ទៅមុខដើម្បីរស់បានដោយខ្លួនឯង និង​អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានាលើពិភពលោក ហើយកម្ពុជា​នឹង​អាចធ្វើបាន ។

យើងត្រូវការស្ថាបត្យករដែលមានសិល្បៈប្រពៃណីទំនៀមទម្លាប់ អរិយធម៌ មានមនោ​សញ្ជេតនា ដើម្បីឱ្យស្ថាបត្យកម្មមានភាពរស់រវើក មានគុណភាព និងសោភណភាព​ស្របទៅនឹងបរិបទដែលសង្គមកម្ពុជានាពេលបច្ចុប្បន្នបានរស់ឡើងវិញពោរពេញដោយមនោសញ្ចេតនា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែល​បាន​​ផ្ដួច​ផ្ដើមរៀបចំកម្មវិធីប្រកួតប្រជែងនេះឡើង ពិសេសសិស្សនិស្សិតទាំងអស់ ដែលនេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការចូលរួមកសាងនូវកម្លាំងរបស់ស្ថាបត្យករ​កម្ពុជា ហើយលទ្ធផលនៃការប្រកួតប្រជែងនេះជាលទ្ធផលមួយដ៏សំខាន់ ជាគំរូ​ដល់​ក្រុមហ៊ុនឯកជនផ្សេងៗទៀត ដែលធ្វើអាជីវកម្មផ្នែកស្ថាបត្យកម្ម ជាគំរូដល់បុរី​ផ្សេងៗ​ឱ្យយល់ឃើញថានេះហើយគឺជារឿងដែលត្រូវធ្វើ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា កិច្ចការនេះគឺជាការឆ្លើយ​តបដ៏មានប្រសិទ្ធភាពទៅនឹងគោលគំនិតរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយសង្គមជាតិកម្ពុជា តាមរយៈស្ថាបត្យកម្ម ។

យុទ្ធសាស្ត្របញ្ចកោណប្រហែលជាត្រូវអនុវត្តក្នុងរយៈពេល ២៥ឆ្នាំឬ ៥ អាណត្តិ ដូច្នេះនាឆ្នាំ ២០៥០ យើងសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ហើយវិស័យស្ថាបត្យកម្មគឺជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញសម្រេចបាននូវចក្ខុវិស័យនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner