រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ កម្ពុជាត្រូវការដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីទី៣១ ខែតុលា ឆ្នាំ២០២៤ បានទទួលជួប ពិភាក្សាការងារជាមួយ ឯកឧត្តម TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-អ៊ុយក្រែន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូ​វិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យវិស័យឯកជនអាចមានលទ្ធភាពធ្វើកសិ-ពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងទទួលបានផលចំនេញទាំងអស់គ្នា។

សម្រាប់ការងារអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះការ​វិនិយោគ​លើឃ្លាំងស្តុកសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ដែលការងារនេះអាច​សហការជាមួយវិស័យឯកជន ដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ឈានពង្រីកទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការងារវិនិយោគធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យឯកជននៃប្រទេសអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមាន​ច្បាប់ដែល​មានលក្ខណៈបើកូលាយ និងលើកទឹកចិត្តអ្នកវិនិយោគ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា អ្នកវិនិយោគត្រូវគោរពតាមគោល​ការណ៍​ច្បាប់​បទដ្ឋា​នត្រឹមត្រូវ ខណៈផលិតផលទាមទារឱ្យមានការពិនិត្យច្បាស់លាស់​ពីអ្នកជំនាញ មានគុណភាពល្អ មានតម្លៃសមរម្យ និងមានបច្ចេកទេសពិតប្រាកដ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner