កីឡាជាតិលើកទី៤ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិត បច្ចេកទេសក្នុងការប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន
(ភ្នំពេញ)៖ ឯកឧត្តម គុជ គីម ឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នេះ ត្រូវបានគណៈកម្មការបច្ចេកទេសសង្កេត និងវាយតម្លៃបានថាកីឡាករចូលរួមប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន។
ការថ្លែងលើកឡើងពីសំណាក់ប្រធានសហព័ន្ធខាងលើ បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានកីឡា ក្រោយបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៤ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។
ឯកឧត្តម គុជ គីមឡុង បានសង្កត់ធ្ងន់ថា កីឡាជាតិលើកទី៤នេះ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិតបច្ចេកទេសក្នុងការប្រកួតក្រោមការវាយតម្លៃរបស់គណៈកម្មការបច្ចេកទេស គឺមានការរីកចម្រើនច្រើន និងសន្ទុះបច្ចេកទេសរបស់កីឡាករយើងមានលក្ខណៈល្អប្រសើរច្រើន ដើម្បីបង្កើនឱ្យបាននូវគុណភាពបច្ចេកទេសត្រៀមការប្រកួតក្នុងតំបន់ នាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។ យ៉ាងណាយើងនឹងខិតខំអភិវឌ្ឍជំនាញកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាវប្បធម៌ ប្រពៃណីខ្មែរមួយនេះកាន់តែត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យបានរីកចម្រើនបន្ថែមទៀត។
ប្រធានសហព័ន្ធបន្ថែមថា នៅក្នុងប្រភេទកីឡាអុកចត្រង្គ ក៏មានការរីកចម្រើនដែរ ហើយសហព័ន្ធក៏តែងតែលើកទឹកចិត្តដល់កុមារ យុវជននានាឱ្យចូលរួមលេងកីឡាអុកចត្រង្គនេះ ដោយលៃលកពេលវេលាក្រៅពីការសិក្សារបស់ពួកគាត់ ដើម្បីបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឱ្យមានសម្រាប់ពេលអនាគត។ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាកំពុងបន្តដំណើរការបាន២អាណត្តិរបស់ខ្លួន ហើយជាការសង្កេត គឺថាកីឡាករអុកចត្រង្គកម្ពុជាក៏មានល្អៗច្រើនផងដែរ។
ជាគោលដៅ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អបអរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ខាងមុខ ដើម្បីដុសខាត់សមត្ថភាពកីឡាករអុកចត្រង្គឱ្យកាន់តែមានសកម្មភាពប្រកួតច្រើន និងអភិវឌ្ឍបច្ចេកទេសផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម គុជ គីមឡុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលផ្តល់ឱកាសឱ្យប្រភេទកីឡាអុកចត្រង្គបានរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់២ឆ្នាំម្តងនេះ។
ក្នុងការប្រកួតកីឡាជាតិលើប្រភេទកីឡាអុកចត្រង្គ ឆ្នាំ២០២៤ នេះមានការចូលរួមពីក្រសួងចំនួនពីរ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ព្រមទាំងរាជធានី-ខេត្តចំនួន ៨ទៀត ដោយអ្នកចូលរួមប្រកួតនេះមានចំនួនច្រើនជាងកាលពីប្រកួតអុកចត្រង្គ នៃកីឡាជាតិ លើកទី៣ កាលពីឆ្នាំ២០២២កន្លងទៅ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ត្រូវបានរៀបចំរយៈពេល៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជ័យលាភីលើវិញ្ញាសាចំនួន ៤ រួមមាន៖ វិញ្ញាសា ១ទល់១ ៥នាទី មេដាយមាស កីឡាករ ហេង សៅឌី ក្រសួងការពារជាតិ មេដាយប្រាក់ កីឡាករ ជី ទីទី ខេត្តមណ្ឌលគិរី មេដាយសំរឹទ្ធ កីឡាករ អេង សេងហៀក ក្រសួងមហាផ្ទៃ។ វិញ្ញាសា ១ទល់១ ៦០នាទី មេដាយមាស កីឡាករ យ៉ាង សុខហេង ក្រសួងមហាផ្ទៃ មេដាយប្រាក់ កីឡាករ ហាស់ ពុធ ក្រសួងការពារជាតិ មេដាយសំរឹទ្ធ កីឡាករ រៀម វាសនា មកពីខេត្តមណ្ឌលគិរី។
ចំពោះវិញ្ញាសា ២ទល់២ ៦០នាទី មេដាយមាស កីឡាករ ឆយ វីវ៉ា និងកីឡាករ ជា ស៊ីដេត មកពីក្រសួងមហាផ្ទៃ ខណៈមេដាយប្រាក់ ក្រសួងការពារជាតិ និងមេដាយសំរឹទ្ធ ខេត្តព្រះសីហនុ។ ចំពោះវិញ្ញាសា ៣ទល់៣ ៦០នាទី ជ័យលាភីមេដាយមាសបានទៅក្រសួងការពារជាតិ កីឡាករ សុខ លីមហេង, សំ កក្កដា និង ឈាវ បូរ៉ា ខណៈមេដាយប្រាក់បានទៅលើក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធ ខេត្តបៃលិន៕
ថតដោយ ៖ ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ