ឯកឧត្តម ផៃ ប៊ុនឈឿន ដង្ហែអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយសម្តេចភក្តី សាយ ឈុំ ទៅកាន់វត្តចំនួនបីក្នុងស្រុកសៀមប៉ាង
ស្ទឹងត្រែង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងលោកជំទាវ បានផ្ដួចផ្ដើមដង្ហែអង្គកឋិនទានមហាសាមគ្គីដង្ហែទៅកាន់វត្តចំនួនបីក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយត្រូវបានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោកជំទាវ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដង្ហែទៅកាន់វត្តទាំងបីកាលពីថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
បច្ច័យដែលទទួលបានពីអង្គកឋិនទានមានចំនួនសរុប១៤០លានរៀល។ចំណែកវត្តទាំងបីដែលទទួលអង្គកឋិនមាន វត្តពោធិជ័យ. វត្តទួលរលួស ហៅ(វត្តផាបាំង) និងវត្តរស្មីចន្ទារាម។
ព្រះតេជគុណព្រះសមណៈបុត្តោ ហឿន វណ្ណៈ ព្រះវិន័យធរគុណខេត្តស្ទឹងត្រែងមានថេរដីការថា បុណ្យកឋិនទាន ជាពិធីបែបព្រះពុទ្ធសាសនា និងចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា ។បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយឡើយ ។ដូច្នេះគេតែងតែឃើញក្បួនកឋិនទាន បានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួនចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក។បើទីអារាមណាមួយ មិនមានកឋិនហែរចូលទីអារាមនោះទេ ក៏នឹងត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕
ដោយ៖ ដេង ម៉ាវិន