សម្តេចតេជោ ហ៊ុន សែន សូមឱ្យសមត្ថកិច្ច នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន សូមឱ្យសមត្ថកិច្ច នាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់ ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គម facebook ផ្លូវការនារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់លើបណ្ដាញសង្គមដូច្នេះថា ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។
ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។
ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។
ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ ៕
ដោយ ៖ វណ្ណលុក