តស់! មកដឹងព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នឹងប្រារព្ធនៅខេត្តសៀមរាបចុងឆ្នាំនេះ
ភ្នំពេញ៖ខណៈដំណាច់ឆ្នាំ២០២៤កាន់តែកៀក នៅខេត្តសៀមរាបឯណោះវិញនឹងមានព្រឹត្តិការណ៍កីឡាធំៗចំនួនបីនឹង រៀបចំនៅឡើងនៅទីនោះ បន្ទាប់ពីព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤(២៩-៣០តុលា)កន្លងទៅនេះ។
តាមកម្មវិធីព្រឹត្តិការណ៍ទាំងបីនេះមាន៖ ១.ព្រឹត្តិកាណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ដែលនឹង រៀបចំឡើងនៅថ្ងៃអាទិត្យទី១ ខែធ្នូ នៅមុខប្រាសាទអង្គរវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ទី២ ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀមរាបដែលនឹងរៀបចំឡើងចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ និងទី៣.ព្រឹត្តិកាណ៍រត់ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons”ដ៏មានប្រជាប្រិយ ភាពនៃតំបន់អឺរ៉ុប ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ។
ដើម្បីធានាដល់កម្មវិធីប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អនោះ កាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាបនិងអង្គភាពពាក់ព័ន្ធនានាស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ២០២៤នៅតំបន់អង្គរដើម្បីជំរុញកីឡាទេសចរណ៍វប្បធម៌ឱ្យកាន់តែមានការទាក់ទាញ។កិច្ចប្រជុំនេះដឹកនាំ ដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សីអភិបាលរងខេត្ត សៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប។
កិច្ចប្រជុំផ្តោតលើបង្កើតកិច្ចសហការរបស់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ របៀបរៀបរយ និងការអប់រំផ្សព្វផ្សាយលើព្រឹត្តិកាណ៍កីឡាដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានរលូន និងជោគជ័យ៕
ដោយ៖ម៉ាដេប៉ូ