អភិបាលខេត្តស្ទឹងត្រែង បញ្ជាក់ពីការយកចិត្តទុក​ដាក់​លើក​កម្ពស់ក្មេងស្រី

ស្ទឹងត្រែង៖ក្នុងពិធីអបអរសាទរទិវាអន្តរជាតិក្មេងស្រី​ឆ្នាំ​២០២៤ ក្រោមប្រធានបទ «ការបង្កើនភាពអង់​អាចរបស់​ក្មេងស្រី ដើម្បីការអភិវឌ្ឍប្រកបដោយ​ចីរភាព»​កាលពី​ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ក្មេងស្រីត្រូវ​បានលើកកម្ពស់ពីសំណាក់គ្រួសារ សហគមន៍ អ្នកពាក់​ព័ន្ធ​ដើម្បីឈានទៅបង្កើនភាពអង់ អាចក្នុងការអនុវត្ត​សិទ្ធិអភិវឌ្ឍសមត្ថភាព អភិវឌ្ឍជីវភាពក្នុងគ្រួសារព្រម​ទាំងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ក្នុងកម្មវិធីដែលរៀបចំឡើងដោយរដ្ឋបាលខេត្តរួមជាមួយក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជានេះដែរ ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការរៀបចំយុទ្ធនា​ការនៅក្នុងចំណោមអ្នកចូលរួមប្រមាណ៥០០នាក់នាពេលនេះនឹងក្លាយទៅជា ចលនារួមគ្នាមួយ ក្នុងការរួម​ចំណែកអប់រំអភិវឌ្ឍសមត្ថភាព សីលធម៌ គុណធម៌ សុជីវធម៌ និងថាមពល កុមារី យុវតី ឱ្យមានភាពអង់អាច និងមានអនាគតល្អ ។

ទាក់ទងនឹងព្រឹត្តិការណ៍កំពុងរៀបចំនេះ លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីនិយាយថាយុទ្ធនាការ​ដ៏មានសារៈសំខាន់ ក្នុងគោលបំណងផ្សព្វផ្សាយដល់​សាធារណៈជន អំពីគុណតម្លៃនៃការទទួលបាននូវ​សមភាព​រវាងក្មេងស្រី និងក្មេងប្រុស ក៏ដូចជាសម្រាប់​ការចូលរួមគ្រប់វិស័យនឹងផ្តល់ឱកាសដល់យុវជនក្នុងការដឹកនាំផ្តួចផ្តើមគំនិតថ្មីៗក្នុងការលើកកម្ពស់ភាពអង់អាចដល់ក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ៕

ដោយ៖ ដេង ម៉ាវិន

ads banner