ក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២
(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ សម្រាប់កីឡាវាយកូនគោលដែលបានដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ នៅលើទីលានកីឡាវាយកូនគោលចំនួន២ គឺរ៉ូយ៉ាល់ភ្នំពេញ និងទីលានហ្គ្រែន ភ្នំពេញ បានបញ្ចប់ដោយភាពជោគជ័យ ដោយក្លឹបកីឡាវាយកូនគោលក្រសួងមហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេសរុប៤ចំនួនគ្រឿងលើ៤វិញ្ញាសា។
ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង តំណាងឱ្យ ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានវាយតម្លៃថា កីឡាជាតិ ឆ្នាំ២០២៤នេះ សិទ្ធិផលកីឡាករកីឡាការិនីដែលមកចូលរួមរួមប្រកួតប្រជែង មានការវិវឌ្ឍសមត្ថភាពរីកចំរើនខ្លាំងគួកត់សម្គាល់ ពិសេស កីឡាករកីឡាការិនីវ័យក្មេង ដែលទើបឡើងមកពីថ្នាល ។
កីឡាករ ពៅ ពេជ្រមេត្តា មកពីក្រសួងមាហាផ្ទៃ ប្រជែងដណ្តើមបានមេដាយមាស និងជាប់ក្នុងចំណាត់ថ្នាក់World Amateur Golf Ranking បានបង្ហាញអារម្មណ៍រីរាយ និងពេញចិត្តជាខ្លាំង ចំពោះការរីកចំរីកចំរើនរបស់កីឡាករកីឡាការិនីកីឡាវាយកូនគោលកម្ពុជា ។ ពៅ ពេជ្រមេត្តាថា កីឡាករចូលរួមប្រកួតប្រជែងច្រើនបានជួយឱ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ ជម្រុញឱ្យកីឡាករម្នាក់ៗខិតខំហ្វឹកហាត់ដុះខាត់សមត្ថភាព ជួយឱ្យកីឡាកូនគោលនៅកម្ពុជាកាន់តែមានសក្កានុពល ។ ជាមួយការក្តោបក្តាប់មេដាយមាសកីឡាជាតិលើកទី៤ និងជាប់ក្នុងតារាWorld Amateur Golf Ranking ជាលើកដំបូង កីឡាករក្រសួងមហាផ្ទៃរូបនេះ បាននិងកំពុងចិញ្ចឹមចិត្ត ដណ្តើមយកមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេស ឆ្នាំ២០២៥ជូនកម្ពុជាផងដែរ។
ការប្រកួតប្រជែងអស់រយៈពេល៥ថ្ងៃ ដែលជាការប្រកួតប្រជែងដ៏ស្វិតស្វាញ ដោយមានក្លឹបរាជធានីខេត្ត និងក្រសួង ចូលរួមចំនួន៨ សរុបកីឡាករកីឡាការិនីចំនួន៥៦នាក់ ក៏ចម្រាញ់ជ្រើសរើសបានកីឡាករឆ្នើម២រូបផងដែរ គឺកីឡាករ ពៅពេជ្រ មេត្តា ក្រសួងមហាផ្ទៃ ពិន្ទុកបូក៥ និងកីឡាករ សេង វ៉ាន់សីហា ក្រសួងការពារជាតិពិន្ទុបូក៦ បញ្ចូលចំណាត់ទៅក្នុងតារាងWorld Amateur Golf Rankingដែលជាការស្នើសុំជាលើកដំបូងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាទៅកាន់ស្ថាប័នសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិ។
ជាលទ្ធលទ្ធផល ក្រោយប្រកួតប្រែងអស់រយៈពេល៥ថ្ងៃ ក្លឹបដែលប្រជែងដណ្តើមបានមេដាយមាសច្រើនជាងគេ ឈរនៅចំណាត់លេខ១ ក្លឹបកីឡាកូនគោលក្រសួងមហាផ្ទៃ ដោយប្រជែងបានមេដាយមាសចំនួន៤គ្រឿង វិញ្ញាសាប្រកួតឯកក្តជនបុរស វិញ្ញាសាប្រកួតឯកត្តជននារី វិញ្ញាសាជាក្រុមបុរស និងវិញ្ញាសាប្រកួតជាក្រុមនារី។ក្លឹបឈរនៅចំណាត់លេខ២ ក្លឹបកីឡាវាយកូនគោលខេត្តព្រះសីហនុ ដណ្តើមបានមេដាយសរុប៣គ្រឿង មេដាយប្រាក់២គ្រឿងនិងសំរិទ្ធិ១គ្រឿង។ក្លឹបកីឡាវាយកូនគោលឈរនៅចំណាត់លេខ៣ក្រសួងការពារជាតិ និងក្លឹបខេត្តសៀមរាប ដណ្តើមបានមេដាយសរុប២គ្រឿងដូចគ្នា មេដាយប្រាក់១គ្រឿង និងសំរិទ្ធិ១គ្រឿង។ ក្លឹបកីឡាវាយកូនគោលរាជធានីភ្នំពេញឈរនៅលេខ៤ ដណ្តើមបានមេដាយសំរិទ្ធ១គ្រឿង ខណៈ៤ខេត្តផ្សេងទៀត មិនប្រជែងដណ្តើមបានមេដាយ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ