ឆ្នាំក្រោយ Honda នឹងវាយលុកទីផ្សារម៉ូតូអគ្គិសនី
តូក្យូ ៖ ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុន ថ្មីៗនេះបានបង្ហាញម៉ូតូអគ្គិសនីគំរូចំនួនពីរម៉ូដែល ក្នុងនោះរួមមានម៉ូដែល “EV Fun Concept” និង “EV Urban Concept” នៅឯព្រឹត្តិការណ៍ពិព័រណ៌ EICMA 2024 នៅទីក្រុងមីលែន ប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Global Honda។
ក្រុមហ៊ុន Honda បានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំដំបូងសម្រាប់ការបើកបង្ហាញម៉ូតូអគ្គិសនីជាសកលរបស់ខ្លួន ហើយនឹងចាប់ផ្តើមវាយលុកចូលទីផ្សារម៉ូតូអគ្គិសនីពេញទំហឹងតែម្តងនៅឆ្នាំ ២០២៦។
ការបញ្ចេញម៉ូតូអគ្គិសនីគំរូនេះ គឺជាផែនការប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុន Honda ដែលមានគោលបំណងសម្រេចបាននូវអព្យាក្រឹតភាពកាបូន តាមរយៈផលិតផល និងសកម្មភាពសាជីវកម្មទាំងអស់របស់ខ្លួននៅឆ្នាំ ២០៥០។
ជាពិសេសសម្រេចបាននូវអព្យាក្រឹតភាពកាបូន សម្រាប់ផលិតផលម៉ូតូទាំងអស់របស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ ២០៤០។ ដើម្បីឈានឆ្ពោះទៅរកគោលដៅនេះ ក្រុមហ៊ុន Honda កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍគ្រឿងម៉ាស៊ីនផ្តល់ថាមពលដល់ម៉ូតូសេរីថ្មីៗរបស់ខ្លួន ដែលនេះជាគោលដៅយុទ្ធសាស្ត្រការពារបរិស្ថាននាពេលអនាគត។
ប្រភពបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Honda បាននឹងកំពុងជំរុញឱ្យមានភាពជឿនលឿនឆ្ពោះទៅរក នូវផែនការផលិតម៉ូតូអគ្គិសនីចំនួន ៣០ម៉ូដែលនៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០៣០។
តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុន Honda មានគោលបំណងពង្រីកចំណែកទីផ្សារពិភពលោករបស់ខ្លួន និងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យម៉ូតូអគ្គិសនី៕
ប្រភព៖ Global Honda ប្រែសម្រួល ៖ ឈឹម ទីណា