គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តប្រគល់ភារកិច្ចពិនិត្យនិងសិក្សាយោបល់របស់ព្រឹទ្ធសភាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនទៅគណៈកម្មការជំនាញ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ អង្គប្រជុំបានអនុម័តប្រគល់ភារកិច្ច ពិនិត្យនិងសិក្សាយោបល់របស់ព្រឹទ្ធសភាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន គណៈកម្មការនីតិកម្មនិងយុត្តិធម៌ និង គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធ្វើរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ។

ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងការពិចារណាគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវការ និងគោលបំណងដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដែលបានដកខ្លួនចេញពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់សុពលភាពនៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធសភាបានស្នើរដ្ឋសភាកែសម្រួល ចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តីព្រាងច្បាប់នេះ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ គោលបំណងនៃការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺដោយផ្អែកលើសមិទ្ធផលនៃ “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ឈានដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន ហើយជឿជាក់ថាប្រទេសនីមួយៗ មានសមត្ថភាពពេញលេញក្នុងការបន្ត និងធានា បាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងប្រទេសរៀងៗខ្លួន” និងការវាយតម្លៃយ៉ាងច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងជាផ្លូវការ ស្តីពី “ការដកខ្លួនរបស់កម្ពុជាចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងបី ស្តីពីគោលនយោបាយអនុគ្រោះ ជាពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ជាហេតុនាំឱ្យកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ត្រូវបាត់បង់សុពលភាពតាមអនុស្សរណៈគោលផងដែរ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមានយោបល់រួចមក លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ដែលស្នើកែសម្រួលនេះ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកជាការប្រញាប់៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner