រដ្ឋបាលព្រៃឈើស្ទឹងត្រែងអំពាវនាវដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋឱ្យចូលរួមការពារ គ្រប់គ្រងធនធានធម្មជាតិ
ស្ទឹងត្រែង៖មន្រ្តីនៃរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានអំពាវនាវដល់ប្រជាសហគមន៍ រួមទាំងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ គ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងលុបបំបាត់ការកាប់រានដីព្រៃ ដែលជាអំពើល្មើសនឹងច្បាប់រដ្ឋ ។ការអំពាវនាវរបស់លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់នៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ក្នុងឱកាសលោកដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដែលជាមន្រ្តីអនុវត្តគម្រោងរេដបូកមេគង្គជំហាន១ ចុះល្បាត និងផ្សព្វផ្សាយពីគម្រោងរេបូកមេគង្គជំហាន១ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ឱ្យដឹងថា នៅក្នុងសកម្មភាពចុះល្បាតព្រៃឈើនោះ ក្រុមការងារបានផ្សព្វផ្សាយពីគម្រោងរេបូកមេគង្គដល់ប្រជាសហគមន៍ រួមទាំងប្រជាពលរដ្ឋ ដែលរស់នៅជិតព្រៃសហគមន៍ និងបានចុះសិក្សាចំណុចនិយាមកា ព្រំប្រទល់ដីសហគមន៍ព្រៃឈើព្រៃឪធម្ម ខេត្តស្ទឹងត្រែង សម្រាប់ពង្រីកផ្ទៃដីបន្ថែម ដោយសហការជាមួយអាជ្ញាធរស្រុកសេសាន អាជ្ញាធរភូមិតាឡាត ឃុំតាឡាត ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាត និងគណ:កម្មការសហគមន៏ព្រៃឈើព្រៃឪធម្ម ផងដែរ។

លោក ហ៊ុន សំអឿន បានបន្តថា ជាលទ្ធផលក្រុមការងារបានបន្តចុះល្បាត និងពិនិត្យស្ថានភាពព្រៃឈើ ក្នុងព្រៃសហគមន៍ព្រៃឪធម្ម ឃើញថា ព្រៃឈើស្ថិតក្នុងស្ថានភាពល្អប្រសើរ ។ ក្រៅពីនេះក្រុមការងារបានរកឃើញ និងធ្វើការដកហូតខ្សែអន្ទាក់ដាក់សត្វព្រៃចំនួន ៥អន្ទាក់ និងបានផ្សព្វផ្សាយដល់ប្រជាសហគមន៍ ដែលរស់នៅក្នុង និងក្បែរព្រៃសហគមន៍ ឱ្យបញ្ឈប់ការទន្រ្ទានយកដីព្រៃ ចូលក្នុងព្រៃសហគមន៍ជាបន្តទៀត។ រីឯបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍ ពុំជួបបទល្មើសកាប់រានថ្មីៗទៀតនោះទេ។

លោក ហ៊ុន សំអឿន បានបញ្ជាក់ថា ក្រុមការងារបានបន្តផ្សព្វផ្សាយដល់ គណៈកម្មការសហគមន៍ និងអ្នកពាក់ព័ន្ធ ឱ្យពង្រឹងលើការងារជួយការពារធនធានព្រៃឈើរបស់រដ្ឋ ឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពក្នុងការប្រើប្រាស់ដល់កូនចៅជំនាន់ក្រោយៗទៀត។ មិនតែប៉ុណ្ណោះ យើងត្រូវថែរក្សាព្រៃសហគមន៍នេះឱ្យបានល្អ ដើម្បីលក់កាបូនថែមទៀតផង ហើយចំណូលដែលបានមកពីលក់កាបូន អាចធ្វើឱ្យជីវភាពសមាជិកសហគមន៍ព្រៃឈើ កាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕
ដោយ៖ឡុង សំបូរ







