Vietnam Airlines គ្រោងទិញយន្តហោះបន្ថែម ៥០គ្រឿងទៀតនៅឆ្នាំក្រោយ

ហាណូយ ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietnam Airlines បាននិយាយថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងបញ្ជូនសំណើទៅកាន់ក្រុមហ៊ុនផលិតយន្តហោះនៅឆ្នាំក្រោយនេះ ដើម្បីទិញយន្តហោះដឹកអ្នកដំណើរធុនតូចចំនួន ៥០គ្រឿងបន្ថែមទៀត។

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កាលពីឆ្នាំមុន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលដំបូង ជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះធុន 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន Vietnam Airlines លោក Le Hong Ha បាននិយាយនៅខាងក្រៅព្រឹត្តិការណ៍សមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកថា នៅក្នុងប្រទេសវៀតណាម យើងត្រូវឆ្លងកាត់ដំណើរការដេញថ្លៃ… យើងត្រូវបើកឱកាសឱ្យអ្នកផ្សេងដែរ… ទ្វារនៅតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ លោកថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ពួកគេមានការផ្តល់ជូនដ៏ល្អសម្រាប់ពួកយើង។

បើតាមការបញ្ជាក់របស់លោក Le Hong Ha ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងត្រូវការយន្តហោះថ្មីចំនួន ១៧០គ្រឿងនៅឆ្នាំ ២០៣៥។

Airbus និង Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក ដោយសារតែភាពល្បីល្បាញនៃយន្តហោះ A320neo របស់ Airbus ដែលកំពុងប្រជែងជាមួយយន្តហោះ 737 MAX របស់ Boeing។

យ៉ាងណា ក្រុមហ៊ុនផលិតយន្តហោះចិន COMAC ក៏កំពុងព្យាយាមដណ្តើមតំណែងពីក្រុមហ៊ុនផលិតយន្តហោះយក្សទាំងពីរផងដែរ ក្រោយបញ្ចេញយន្តហោះ C919 របស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន COMAC កាលពីសប្តាហ៍មុននៅក្នុងប្រទេសចិន ដែលបាននិយាយថា ទីផ្សារវៀតណាមមានសក្តានុពលខ្លាំង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner