២៣០ថ្ងៃ! ឡានអគ្គិសនីចិន Xiaomi ផលិតបាន១០ម៉ឺនគ្រឿង

បរទេស៖ ស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lei Jun បានប្រកាសថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលក្រុមហ៊ុនសម្រេចបានការផលិតឡានអគ្គិសនី ឬ EV សេរ៊ី Xiaomi SU7 ចំនួន១០ម៉ឺនគ្រឿង ក្នុងរយៈពេល២៣០ថ្ងៃ ឬ ជាង៧ខែកន្លះ។

តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអង្គារ លោក Lei Jun បានប្រកាសថា «អរុណសួស្តី! ភ្ញាក់ឡើងជាមួយនឹងដំណឹង Xiaomi SU7 សម្រេចបាន១០ម៉ឺនគ្រឿង»។ លោក Lei បានបន្ថែមថា «ចាប់តាំងពីការបើកដំណើរការ រហូតដល់ថ្ងៃនេះ ចំណាយពេលត្រឹមតែ២៣០ថ្ងៃប៉ុណ្ណោះ ដើម្បីឈានដល់ចំណុចសំខាន់នេះ។ សម្រាប់អ្នកចំណូលថ្មី នៅក្នុងឧស្សាហកម្ម EV នោះ គឺជាល្បឿន ដែលយើងពិតជាមានមោទនភាព»។

SU7 ឬ Speed Ultra 7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Xiaomi ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដែលត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់ស្មាតហ្វូន បានងាកមកផលិត EV ចំនួន ៤ ម៉ូដែល រួមមាន SU7, SU7 Pro, SU7 Max និង SU7 Ultra ។

EV របស់ខ្លួន ត្រូវបានដាក់ឱ្យដំណើរការលក់ ក្នុងខែមីនា ហើយត្រូវបានកោតសរសើរ ដោយនាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលបាននិយាយ អំពីជោគជ័យរបស់ក្រុមហ៊ុន Xiaomi ដែលលក់បាន ចន្លោះពី ១ម៉ឺនគ្រឿងទៅ២ម៉ឺនគ្រឿង ក្នុងមួយខែ។

ប៉ុន្តែក្រុមហ៊ុន បានបង្ហោះការខាតបង់ តាមរយៈរបាយការណ៍ប្រាក់ចំណូល នៅត្រីមាសទីពីរ របស់ខ្លួន កាលពីខែសីហា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Xiaomi និយាយថា ការចំណាយលើការវិនិយោគ គឺខ្ពស់គួរសម ដូច្នេះ នឹងត្រូវចំណាយពេលខ្លះ ដើម្បីគណនាផ្នែកនៃការចំណាយនេះ។ SU7 ត្រូវបានលក់ ក្នុងតម្លៃមូលដ្ឋាន ប្រហែល៣ម៉ឺនដុល្លារ ហើយមានលក់តែ នៅក្នុងប្រទេសចិន ប៉ុណ្ណោះ៕

ប្រភពពី Businessinsider ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner