Kim Jong Un រម្លឹកពីជំនួបកំពូលជាមួយអាមេរិក តែមិននិយាយឈ្មោះ Trump
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បាននិយាយ កាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ទំនាក់ទំនងការទូតកាលពីអតីតកាល របស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងវ៉ាស៊ីនតោន គ្រាន់តែបញ្ជាក់ពីអរិភាព «មិនផ្លាស់ប្តូរ» ចំពោះប្រទេសរបស់លោកប៉ុណ្ណោះ ខណៈដែលការលើកឡើងនេះ គឺមុនពេលដែលលោក Donald Trump ត្រៀមគ្រប់គ្រងសេតវិមាន ឡើងវិញ នៅដើមឆ្នាំក្រោយ។
ក្នុងពេលកំពុងកាន់តំណែង កាលពីឆ្នាំ២០១៩ អតីតប្រធានាធិបតីអាមេរិក លោក Trump បានជួបជាមួយលោក Kim ច្រើនជាង១ដង ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន បានបរាជ័យ លើកិច្ចខិតខំប្រឹងប្រែង លុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ នៅឯការតាំងពិពណ៌ការពារជាតិ ដែលបង្ហាញពីប្រព័ន្ធសព្វាវុធដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើង លោក គីម មិនបានលើកឡើង ពីឈ្មោះ Trump ទេ ប៉ុន្តែ និយាយពីកិច្ចពិភាក្សា កម្រិតខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិក កន្លងមក។
លោក Kim បាននិយាយថា «យើងបានចាកឆ្ងាយ ជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកចរចា ហើយអ្វីដែលយើងដឹងច្បាស់នោះ គឺមិនមែនជាឆន្ទៈ នៃមហាអំណាចមួយ ក្នុងការរួមរស់ ជាមួយគ្នានោះទេ» ជំនួសមកវិញ ទីក្រុងព្យុងយ៉ាងបានដឹងពី «ជំហរដ៏ហ្មត់ចត់ នៃអំណាចរបស់ទីក្រុងវ៉ាស៊ីនតោន និងគោលនយោបាយ ដែលមិនផ្លាស់ប្តូរ គឺ ការឈ្លានពាន និងអរិភាព ចំពោះកូរ៉េខាងជើង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA។
រូបភាពដែលចេញផ្សាយដោយ KCNA បានបង្ហាញពីអ្វី ដែលមើលទៅ ដូចជា មីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ ICBMs, មីស៊ីលលឿនជាងសំឡេង, កាំជ្រួចរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានដាក់តាំងពិពណ៌ នៅពេលនោះ។
KCNA បាននិយាយថា ព្រឹត្តិការណ៍នេះបានបង្ហាញពីផលិតផលចុងក្រោយបង្អស់ របស់ក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាការពារជាតិរបស់កូរ៉េខាងជើង ជាមួយនឹងអាវុធយុទ្ធសាស្ត្រសំខាន់ៗ។
លោក គីម បាននិយាយ នៅក្នុងសុន្ទរកថា របស់លោកទៀតថា «មិនធ្លាប់មាន ពីមុនមកនោះទេ ដែលឧបទ្វីបកូរ៉េប្រឈមមុខនឹងស្ថានភាព ដែលអាចនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ដ៏បំផ្លិចបំផ្លាញបំផុត ។
ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ កូរ៉េខាងជើងបានកសាងទំនាក់ទំនងយោធា កាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានរាប់ពាន់នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្គ្រាម ប្រឆាំងនឹងប្រទេសអ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត