សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដឹកនាំជំនាន់មុន ខិតខំស្វែងរកសន្តិភាព ឯអ្នកដឹកនាំជំនាន់ក្រោយ ជាអ្នកថែរក្សាសន្តិភាព
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធ ក្នុងការកសាងកម្ពុជាឡើងវិញ, ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម, ជាពិសេស ក្នុងការរំដោះជាតិ, ការផ្សះផ្សាជាតិ, ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ថា អ្នកបន្តវេនជំនាន់ក្រោយ មិនបានឆ្លងសមរភូមិសង្គ្រាមប្រដាប់អាវុធ និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសថ្លែងសុន្ទរកថា និងបាឋកថាពិសេស នៃពិធីបើក និងធ្វើប្រកាសពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី IPTP 11 ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស្ដីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
នាឱកាសនេះ សម្ដេចតេជោ បានចែករំលែកបទពិសោធដឹកនាំផ្ទាល់ ក្នុងការកសាងកម្ពុជាឡើងវិញ, ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម, ជាពិសេស ក្នុងការរំដោះជាតិ, ការផ្សះផ្សាជាតិ, ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព, ដែលរំដោះប្រទេសដ៏កំសត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា, ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ ។
សម្ដេចតេជោ បានលើកឡើងថា ស្ទើរតែពេញមួយជីវិត ដែលសម្ដេច បានដឹកនាំកម្ពុជា ក្នុងឋាន:ជានាយករដ្ឋមន្ត្រី រយៈពេល ៣៨ឆ្នាំ ហើយបើរាប់បញ្ចូលទាំងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកាន់តំណែងជារដ្ឋមន្រ្តីការបរទេស ជាឧបនាយករដ្ឋមន្រ្តីផង គឺជិតកន្លះសតវត្សរ៍ ។
សម្ដេចតេជោបន្តថា ជាការពិតដែលថា នេះគឺជាមេរៀន និងបទពិសោធដ៏កម្រ ដែលសម្ដេច បានយកជីវិតដាក់ធ្វើជាដើមទុន ហើយនេះ ក៏ជាសេចក្តីប្រាថ្នារបស់សម្ដេចផងដែរ ក្នុងការចែករំលែកបទពិសោធដឹកនាំនាវាកម្ពុជា ជូនដល់សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមាននៅទីនេះ បន្ទាប់ពីសម្ដេច ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល កំពុងដឹកនាំប្រទេស, បានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចដ៏សំខាន់នេះ ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្តដឹកនាំ ។
សម្ដេចតេជោ បន្ថែមថា ចំណុចខុសគ្នាមួយនៅត្រង់ថា អ្នកបន្តវេនជំនាន់ក្រោយ មិនបានហែលឆ្លងសមរភូមិសង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីយុគសម័យដ៏ខ្មៅងងឹត និងមហាវិនាសកម្ម, ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗ ត្រូវបន្តរក្សា, ការពារ និងលើកតម្កើងតម្លៃសន្តិភាព, បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ, ពង្រីកសក្តានុពលអភិវឌ្ឍ និងពូនជ្រុំសាមគ្គីភាព និងឯកភាពជាតិ ដោយបន្តឈរលើបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្យ» និងបាវចនាបក្ស គឺ «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម» ។
សម្តេចតេជោ បានបញ្ជាក់ថា ចំណុចខុសគ្នាមាន២ គឺមួយអ្នកស្វែងរកសន្តិភាព និងមួយទៀតគឺអ្នកថែរក្សាសន្តិភាព។ ភាពខុសគ្នារវាងអ្នកដឹកនាំជំនាន់មុន និងជំនាន់ក្រោយ គឺអ្នកដឹកនាំជំនាន់មុនស្វែងរកសន្តិភាព ឯអ្នកដឹកនាំជំនាន់ក្រោយជាអ្នកថែរក្សាសន្តិភាព ហើយប្រសិនជាអ្នកជំនាន់ក្រោយ មិនអាចថែរក្សាសន្តិភាពបានគង់វង្ស ក៏សម្តេចតេជោមិនព្រមនៅស្ងៀមដែរ ព្រោះការស្វែងរកសន្តិភាព ពិតជាពិបាកណាស់ មិនដូចការបញ្ឆេះសង្គ្រាមនោះទេ ។
ក្រោយពីការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តវេនពីជំនាន់មុន ជាងមួយឆ្នាំមកនេះ ឃើញថា ថ្នាក់ដឹកនាំជំនាន់ក្រោយ បានខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាសន្តិភាព និងបន្តពង្រឹងការអភិវឌ្ឃប្រទេសជាតិឱ្យកាន់តែល្អប្រសើរទៅមុខទៀត ៕
ដោយ ៖ វណ្ណលុក