មនុស្ស២០០នាក់នៅខេត្តស្ទឹងត្រែងចូលរួមយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

ស្ទឹងត្រែង៖មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង រៀបចំកម្មវិធីយុទ្ធនា​ការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ ឆ្នាំ២០២៤ ក្រោមប្រធានបទ « រួមគ្នាវិនិយោគលើការទប់ស្កាត់​អំពើហិង្សាលើស្ត្រី និងក្មេងស្រី » ផ្តួចផ្តើមឡើងដោយ ក្រសួងកិច្ចការ នារី និងគាំទ្រដោយអង្គការដៃគូUNFPA (យូ.អិន.អែហ្វ.ភីអេ) ។

យុទ្ធនាការនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ក្រោមវត្តមាន​លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារី លោក លី មីណា អភិបាលស្រុក និងលោកស្រី បួ ខាំតង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួម​ពីសិស្សានុសិស្ស ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យ​ប្រមាណ​២០០នាក់ ។

ថ្លែងក្នុងពិធីនេះលោកស្រី សន សុខា បានបញ្ជាក់ថា គោលបំណង​ក្នុងយុទ្ធនាការនេះ គឺផ្ដោតសំខាន់លើការបង្កើន និងលើកកម្ពស់​ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះ​អំពើហិង្សាទាក់ទងនឹងយេនឌ័រ ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ វិស័យឯកជន ។

លោកស្រីបន្តថា ក្រសួងកិច្ចការនារីសហការជាមួយក្រសួងស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ និងអន្តរជាតិ​នានា រៀបចំយុទ្ធនាការ១៦ថ្ងៃ ជារៀងរាល់ឆ្នាំដើម្បីឆ្លើយតបទៅនឹង​យុទ្ធសាស្រ្ត​នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដោយបញ្ជាក់អំពី​​ការ​លើកកម្ពស់ ក៏ដូចជាការឆ្លើយតបប្រកបដោយបរិយាបន្ន និងសមធម៌​ដល់ស្រ្តី និងក្មេងស្រី ដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះ​។

លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានថ្លែងថា​យុទ្ធនាការនេះ គឺជាសកម្មភាពដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ចូល​រួមផ្សព្វផ្សាយ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈ​ការផ្ដល់សារគន្លឹះ ដល់សាធារណៈជន និងសហគមន៍ ដើម្បីឱ្យប្រ​ជាពលរដ្ឋមានការប្ដូរផ្នត់គំនិតអវិជ្ជមានទៅលើស្ត្រី និងក្មេងស្រី ៕

ដោយ៖ ដេង ម៉ាវិន

ads banner