អភិបាលខេត្តកំពង់ស្ពឺរំលឹកអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន​

កំពង់ស្ពឺ៖ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ដល់អាជ្ញាធរនៅមូលដ្ឋាន​ឱ្យពង្រឹងការ​យកចិត្ត​ទុកដាក់​ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។ឯកឧត្តម​បានគូសរំលេច​ថា ពួកគាត់​បូជាសាច់ឈាមស្រស់លើ​សមភូមិដើម្បី​ការពារជាតិមាតុភូមិ។ឯកឧត្តមលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញ​សាកសួរសុខទុក្ខ និងចែកអំណោយ​ជូន​អតីត​យុទ្ធជន ១០០នាក់​ស្ថិតនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺកាលពី​ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

បណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងក្នុងនាមជាប្រធានកិត្តិយសសមាគម​អតីត​យុទ្ធជនខេត្តកំពង់ស្ពឺថា បងប្អូនអតីតយុទ្ធជនទាំង​អស់​ក្នុង​ក្របខ័ណ្ឌខេត្តនឹងត្រូវជួបសំណេះសំណាលពីរដងក្នុងមួយឆ្នាំ។គឺក្នុងរដូវចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ស្របតាមប្រសាសន៍​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន  ដែលជាអ្នកបញ្ចប់​សង្គ្រាម​ស៊ីវិលនៅ​កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ។

សូមរំលឹកថា សមាគមអតីតយុទ្ធជន ត្រូវបានបង្កើតឡើងដោយ​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្ន សម្តេចប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ម៉ុន សំអាន

ads banner