រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី និងរណសិរ្សមាតុភូមិវៀតណាមខេត្តកន្ទូមបន្តកិច្ចសហប្រតិបត្តិការលើខ្លឹមសារសំខាន់ៗចំនួន៣
រតនគិរី ៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃការអនុវត្តខ្លឹមសារកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការការងាររណសិរ្ស ដែលបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងបានលុង ខេត្តរតនគិរី
កិច្ចប្រជុំដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅខេត្តកន្ទូមប្រទេសវៀតណាមភាគីកម្ពុជាដឹកនាំដោយលោក ងិន ណែល អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី និងលោកស្រី អ៊ី ប៊ិចធ័រ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិងប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តកន្ទូម។
នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាវាយតម្លៃលទ្ធផលនៃការអនុវត្តខ្លឹមសារកំណត់ហេតុដំណាក់កាល ឆ្នាំ(២០១៩-២០២៤)និងបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ ២០២៤-២០២៩ដែលមានខ្លឹមសារចំនួន៣ ។ក្នុងនោះ ១.ភាគីទាំងពីរបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាជននៅតាមបណ្តាភូមិ ឃុំ នៃស្រុកជាប់ព្រំដែនរបស់ខេត្តទាំងពីរនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដើម្បីនាំមកនូវការអភិវឌ្ឍរួមរបស់ប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះជំរុញការផ្លាស់ប្តូរសកម្មភាព និងចងសម្ព័ន្ធមេត្រីភាពរវាង ភូមិ ឃុំ និងស្រុកដែលមានព្រំដែនជាប់គ្នា រួមចំណែកក្នុងការសម្របសម្រួលជាមួយ រដ្ឋបាលមូលដ្ឋាន និងចូលរួមដោះស្រាយបានទាន់ពេលវេលានូវរាល់បញ្ហាដែលកើតមានឡើង។ ផ្សព្វផ្សាយចលនាប្រជាជនក្នុងការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់អ្នកជំនាញការ និងកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានពលីនៅក្នុងទឹកដីខេត្តរតនគិរី និងចូលរួមគាំទ្រ សហការក្នុងការជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា ដើម្បីឱ្យបញ្ចប់បានឆាប់រហ័ស រួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
២.ជំរុញការចលនាទាក់ទាញ នូវរាល់បណ្តាស្ថាប័ន ធុរៈកិច្ច និងប្រជាពលរដ្ឋនៃប្រទេសនីមួយៗ អនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងខេត្តទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល បរិស្ថាន។ល។ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចទៅតាមលទ្ធភាពរបស់ភាគីនីមួយៗ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងច្បាប់របស់ប្រទេសនីមួយៗ និងទី៣.គណៈកម្មាធិការរណសិរ្សខេត្តទាំងពីរបានផ្លាស់ប្តូរព័ត៌មានជាប្រចាំ អំពីការងាររណសិរ្សដើម្បីសហការ រកដំណោះស្រាយរួម ក៏ដូចជាការដកបទពិសោធន៍ក្នុងការងាររណសិរ្សសម្រាប់ការអភិវឌ្ឍទៅវិញទៅមក និងបណ្តាបញ្ហាផ្សេងៗទៀត ដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជោគជ័យនូវខ្លឹមសារកំណត់ហេតុ ស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការ មជ្ឈិមរណសិរ្សកសាងជាតិឡាវ និងគណៈកម្មាធិការមជ្ឈិមវៀតណាម ដំណាក់កាលឆ្នាំ២០២៤-២០២៧៕
ដោយ៖ គតិ យុត្ត