លោក Trump តែងតាំងមន្ត្រីចាស់វស្សាបញ្ឈប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបាននិយាយថា លោកនឹងតែងតាំងលោក Keith Kellogg ឱ្យធ្វើជាបេសកជនពិសេសទទួលបន្ទុកកិច្ចការដោះស្រាយជម្លោអ៊ុយក្រែន និងរុស្ស៊ី។
កន្លងមក លោក Kellogg ធ្លាប់បានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump។
ក្នុងនាមជាសហប្រធាននៃមជ្ឈមណ្ឌលសន្តិសុខអាមេរិកនៅវិទ្យាស្ថានគោលនយោបាយទីមួយរបស់អាមេរិក លោក Kellogg បានបញ្ជាក់នៅក្នុងរបាយការណ៍មួយកាលពីខែមេសាថា សហរដ្ឋអាមេរិកគួរតែបន្តគាំទ្រអ៊ុយក្រែន ដើម្បីធានាថា រុស្ស៊ីនឹងមិនឈ្លានពានប្រទេសដទៃបែបនេះម្តងទៀត។
ប៉ុន្តែលោក Kellogg បន្ថែមថា ទោះជាយ៉ាងណា ជំនួយយោធានាពេលអនាគតរបស់អាមេរិក នឹងតម្រូវឱ្យអ៊ុយក្រែនចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី។
លោក Kellogg ក៏បានអះអាងដែរថា ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាព សមាជិកភាពណាតូសម្រាប់អ៊ុយក្រែន គួរតែត្រូវបានបញ្ឈប់ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយជាមួយនឹងការធានាសន្តិសុខ។
លោក Trump បានបង្ហាញពីចេតនារបស់គាត់ ក្នុងការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ។ តួយ៉ាង គាត់ក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងញូវយ៉ក ក្នុងខែកញ្ញា ដើម្បីពិភាក្សាពីបញ្ហានេះផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា