ទិន្នផលស្រាពិភពលោកធ្លាក់ចុះខ្លាំងបំផុតលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១
ប៉ារីស ៖ អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) ដែលគ្របដណ្តប់ប្រទេសផលិតស្រាជិត ៥០ បាននិយាយកាលពីថ្ងៃសុក្រថា ផលិតកម្មស្រាសកល ត្រូវបានរំពឹងថា នឹងធ្លាក់ចុះម្តងទៀតនៅឆ្នាំនេះ ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦១ ដោយសារការប្រែប្រួលអាកាសធាតុ។
ទិន្នផលត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ចន្លោះពី ២២៧ ទៅ ២៣៥លានហិកតានៅក្នុងប្រទេសចំនួន២៩ ដែលស្មើនឹង ៨៥ភាគរយនៃផលិតកម្មស្រាពិភពលោក នេះបើយោងតាមអង្គការអន្តររដ្ឋាភិបាល។
ជាមួយនឹងការផលិតស្រាកម្រិតមធ្យមចំនួន ២៣១លានហិកតា តួលេខនេះបានធ្លាក់ចុះ ២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ និងធ្លាក់ចុះ ១៣ភាគរយ បើធៀបនឹងមធ្យមភាគកាលពី ១០ឆ្នាំមុន។
អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) បាននិយាយនៅក្នុងរបាយការណ៍មួយថា បញ្ហាប្រឈមផ្នែកអាកាសធាតុនៅទូទាំងអឌ្ឍគោលទាំងពីរ គឺជាអ្នករួមចំណែកដ៏សំខាន់ជាថ្មីម្តងទៀតចំពោះបរិមាណផលិតកម្មសកលដែលបានធ្លាក់ចុះយ៉ាងគំហុក។
តួយ៉ាង ទិន្នផលនៅក្នុងប្រទេសបារាំង ដែលជាអ្នកផលិតស្រាដ៏ធំបំផុតកាលពីឆ្នាំមុន ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ២៣ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងវិស័យនេះ។ ប៉ុន្តែប្រទេសអ៊ីតាលីបានស្ទុះងើបឡើងវិញបន្តិច ពីបរិមាណទាបកាលពីឆ្នាំមុន ដើម្បីដណ្តើមបានតំណែងកំពូល មុនប្រទេសបារាំង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា