ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការរួមសហការពីគ្រប់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ
(សៀមរាប)៖ ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមសហការពីប្រជាពលរដ្ឋនោះទេ ក៏មិនអាចសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូននាពេលនេះផងដែរ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៣ភូមិ ដែលមានដីដកចេញពីបញ្ជីបុរាណដ្ឋានក្នុងភូមិសាស្រ្តក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងក្រុងស្រុកចំនួន១៣នៃខេត្តសៀមរាប មានទីតាំងបុរាណដ្ឋានចំនួន១១,៥៥៩ទីតាំង ស្មើនឹង ៥៦,៦៩៤ក្បាលដី ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានវាស់វែងរួចនិងបានបិទផ្សាយជាសាធារណៈ ។
លទ្ធផលសម្រេចបាននាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានបានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ក្រុង-ស្រុក រួមមាន ៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូត្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួកនិងស្រុកជីក្រែង ស្មើនឹង៧១ឃុំ-សង្កាត់ ដោយសម្រេចបានចំនួន ៧២១៣ ទីតាំង ស្មើនឹង៦៣ភាគរយ ដែលមានទំហំ ២៣៥ ៤៥៦ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋចំនួន ៧០ ៤០២ក្បាលដី ក្នុងនោះរួមមាន ទីតាំងបុរាណដ្ឋានដែលអាជ្ញាធរជាតិអប្សរា សម្រេចដកចេញពីបញ្ជីមានចំនួន ១ ១០៦ទីតាំងស្មើនឹង ១២ ០១៩ ៨៦៤ម៉ែត្រក្រឡា ទីតាំងបុរាណដ្ឋានដែលស្នើសុំថ្នាក់ដឹកនាំសម្រេចចំនួន ១ ០២៧ ក្បាលដីដែលមានទំហំ ១១៩ ៩៧៤ ០៧២ម៉ែត្រក្រឡា ក្បាលដីដែលអាចចុះបញ្ជីជូនប្រជាពលរដ្ឋមានចំនួន ១៨ ៧៧៧ ក្បាលដី ស្មើនឹង ២៩ ៦៥៦ ៤៧៧ ម៉ែត្រក្រឡា ចំនួនក្បាលដីត្រូវចេញប័ណ្ណសរុប ៤ ៤៤៧បណ្ណ ក្នុងនោះជូនជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៤ ៤២៣ បណ្ណ និងជូនជាកម្មសិទ្ធិរបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន២៤បណ្ណ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថានៅក្នុងនីតិកាលទី៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូល និងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលមានភាពចម្រូងចម្រាស់រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះ និងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត ។ ដោយសារតំបន់នេះមានទីតាំងខ្លះជាទីតាំងបុរាណដ្ឋាន ដូច្នេះមានលក្ខណៈស្មុគស្មាញខ្លះ ពីព្រោះយើងត្រូវគិតគូរអំពីការរក្សាមរតកដូនតាផង និងធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋផង ។
ឯកឧត្តមឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំនុច ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសំរាប់ប្រជាពលរដ្ឋគឺ ទី១៖ ត្រូវចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេសអោយបានចប់សព្វគ្រប់ បញ្ចប់វិវាទ ផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ទី២៖ បញ្ហាវិវាទដីធ្លីគឺជារឿងដែលបន្សល់ទុកឱ្យតជំនាន់ ប៉ុន្តែយើងត្រូវរួមគ្នាដោះស្រាយបញ្ចប់អោយអស់ស្របតាមបច្ចេកទេសសុរិយោដីនិងគោលការណ៍ច្បាប់ ទី៣៖ ផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដែលអាចប្រើប្រាស់រាល់សេវានានារបស់ក្រសួងតាមរយៈប្រព័ន្ធអនឡាញ ទី៤៖ ត្រូវថែរក្សាបឹងទន្លេសាបសម្រាប់មនុស្សតជំនាន់ ទី៥៖ ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និង ទី៦៖ ត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ ដែលយុទ្ធសាស្ត្រទាំងនេះ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា ៕
ដោយ / គ្រី សម្បត្តិ