ហ្វីលីពីនព្យាករថា ករណីឆ្លងមេរោគអេដស៍នឹងស្ទុះឡើងជាង ២០ម៉ឺនករណីនៅចុងឆ្នាំនេះ

ម៉ានីល ៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បាននិយាយថ្មីៗនេះថា ចំនួនអ្នករស់នៅ ឬផ្ទុកមេរោគអេដស៍ (PLHIV) ទូទាំងប្រទេស ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ២១៥,៤០០នាក់ នៅមុនដំណាច់ឆ្នាំ ២០២៤។

នាយកដ្ឋាន DOH បានឲ្យដឹងថា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ មាន ១៣១,៣៣៥ករណីត្រូវបានធ្វើរោគវិនិច្ឆ័យ ឬបញ្ជាក់ដោយមន្ទីរពិសោធន៍ ហើយបច្ចុប្បន្នមិនមានអ្នកស្លាប់ទេ គិតត្រឹមខែកញ្ញា។

នាយកដ្ឋានសុខាភិបាលហ្វីលីពីនបន្ថែមថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសហ្វីលីពីនទំនងជាឡើងដល់ប្រហែល ៤៤៨,០០០នាក់នៅឆ្នាំ ២០៣០ ប្រសិនបើមិនមានវិធានការការពារ និងការអន្តរាគមន៍ទេនោះ។

ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មីៗថែមទៀត នាយកដ្ឋាន DOH បានអះអាងថា ខ្លួនបានសហការជាមួយក្រុមប្រឹក្សាជាតិប្រយុទ្ធនឹងជំងឺអេដស៍ហ្វីលីពីន ដើម្បីចាប់ផ្តើមយុទ្ធនាការជាផ្លូវការមួយកាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកហ្វីលីពីនឆ្នាំ ២០២៤។

យុទ្ធនាការនេះប្រឆាំងនឹងការមាក់ងាយ ហើយបើកចំហរចំពោះការសន្ទនា អំពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយគ្នានេះ សាធារណជនទូទៅ ត្រូវបានក្រើនរំលឹកអំពីការធ្វើតេស្តជាប្រចាំនៅក្នុងមណ្ឌលថែទាំសុខភាពបឋម គ្លីនិកក្នុងស្រុក មណ្ឌលសុខភាព និងអង្គភាពធ្វើតេស្តចល័ត ដែលប្រកបដោយទំនុកចិត្ត៕

ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner