អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់សម្រាប់តែអ្នកកាសែតណាដែលគោរពក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្ណោះ

(ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងជំរុញដល់អ្នកកាសែតដែលផ្សាយព័ត៌មានពិត និងអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ប៉ុន្តែបែជាត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ដើម្បីធ្វើការត្រួតពិនិត្យ ។ ការថ្លែងអំពីសេរីភាពសារព័ត៌មាន និងការអនុវត្តច្បាប់នេះ បានធ្វើឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នាថ្ងៃទី៣ ធ្នូ ២០២៤នេះ ។

នៅក្នុងសំណេររបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែល បានឡើងថា សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ, ផ្សាយពីព័ត៌មានពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺធ្វើចំពោះអ្នកកាសែតដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ» ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នេះ ទន្ទឹមនឹងបច្ចុប្បន្នការប្រើប្រាស់សេរីភាពអ្នកសារព័ត៌មាន មួយចំនួនដែលគ្មានវិជ្ជាជីវៈ ត្រូវគេមើលឃើញថា បានប្រើប្រាស់ស្លាកសារព័ត៌មានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ Fake News និងព័ត៌មានដែលញុះញង់ និងបំពុលសង្គមទៅវិញ ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានលើកឡើងផងដែរ នៅក្នុងឱកាសចូលរួមរំលឹកទិវាសេរីភាពសារព័ត៌មាន និងការជួបជុំក្រុមសារព័ត៌មានប្រចាំឆ្នាំ២០២៤ នាថ្ងៃទី៣ ឧសភា កន្លងទៅ ដែលកាលណោះសម្តេចបានលើកឡើងនូវសេចក្តីត្រូវការរបស់ជាតិនូវអំណាចទីបួន នោះគឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលបំពេញកិច្ចការត្រឹមត្រូវតាមក្រមសីលធម៌ និងវិជ្ជាជីវៈ។ ប្រព័ន្ធផ្សព្វផ្សាយជារឿយៗ ត្រូវបានគេចាត់ទុកថា វាជាអំណាចទី៤ ខណៈអំណាចបីដ៏កំពូលទៀត គឺអំណាចនីតិប្រតិបត្តិ, អំណាចនីតិបញ្ញត្តិ និងអំណាចនីតិតុលាការ ។ ប៉ុន្តែអំណាចទីបួននេះ ក៏ត្រូវបានគេបារម្ភដែរថា វានឹងអាចក្លាយជាមុខកាំបិតសម្លាប់មនុស្ស ប្រសិនណាបើអ្នកសារព័ត៌មានយកទៅប្រើប្រាស់ខុសក្រមសីលធម៌ និងវិជ្ជាជីវៈរបស់វា ។

ការចាត់ទុកប្រព័ន្ធផ្សព្វផ្សាយជាអំណាចទីបួន គឺដោយសារតែការមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីក្នុងការត្រួតពិនិត្យអំណាចរបស់រដ្ឋាភិបាល និងស្ថាប័នផ្សេងទៀត ដោយការផ្តល់នូវព័ត៌មាន, ការវិភាគ និងការរិះគន់ និងបានទទួលការទុកចិត្តថា គឺជាប្រព័ន្ធជួយនូវការធានាតម្លាភាព, គណនេយ្យភាព និងការការពារសិទ្ធិបុគ្គលផងដែរ ។

ក្នុងសំណេររបស់ ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់បន្ថែមទៀតថា « ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ ។ រាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ ។ ការផ្សាយបរិហារកេរ្តិ៍ និងជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មាន ដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិតយកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ប៉ុន្តែជាអំពើខុសច្បាប់របស់កម្ពុជា ។»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលបានថ្លែងបញ្ជាក់ទៀតថា «អ្នកកាសែត ពុំមានអភ័យឯកសសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែរធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ប៉ុន្តែអ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺនៅពេលផ្សាយព័ត៌មានពិត និងផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន ។ ច្បាប់សារព័ត៌មាន មានហើយ ហើយបើអ្នកកា សែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា?
ឯកឧត្តម ជិន ម៉ាលីន នូវបានថ្លែងអំពាវនាវដល់អ្នកសារព័ត៌មានត្រូវ រួមគ្នាការពារអ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ជាធរមានរបស់កម្ពុជា ។

ទោះជាយ៉ាងណា ក្រសួងព័ត៌មាន ធ្លាប់បានសេចក្តីប្រកាសព័ត៌មានស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» និងបានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរហើយ។ កម្ពុជាបច្ចុប្បន្ន តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមនេត ភត្រ្តា បានដាក់ឲ្យប្រើប្រាស់នូវសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃរបស់អ្នកសារព័ត៌មានហើយ ៕

អត្ថបទ ៖ គង់ សុផុល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner