សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ៗ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីជលផល។ ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមាវិការៈ និងទី៣ បញ្ហាផ្សេងៗ ។

សេចក្តីព្រាងច្បាប់ ស្តីពីជលផល ដែលជារបៀវារៈទី១ ៖ សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក ១០៥មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានរៀបចំឡើងក្នុង គោលបំណងធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចនិងបរិស្ថាន ស្របនឹងបរិបទនៃការរីកចម្រើន សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ក៏ដូចជាការទ្រទ្រង់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យជលផល ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងការការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល ។

សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅ ជំរុញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការការពារ ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផល និងចូលរួមជាមួយ បណ្តាប្រទេសដៃគូអភិវឌ្ឍនានា ក្នុងការគ្រប់គ្រងនិងអភិរក្ស ធនធានជលផល ប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំង សកម្មភាពពាក់ព័ន្ធ នឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ ។

ក្រោយពីកិច្ចពិភាក្សារួចមក សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំសម្របសម្រួលកិច្ចប្រជុំ អន្តរក្រសួងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន ពិនិត្យលម្អិតនិងកែសម្រួលនូវមាត្រាមួយចំនួន ដើម្បីធានាសង្គតិភាពក្នុងការអនុវត្ត មុននឹងបញ្ជូនទៅកាន់ សម្តេចធិបតី ផ្ទាល់ ដើម្បីពិនិត្យនិងសម្រេចចុងក្រោយ ។

២. សេចក្តីព្រាងច្បាប់ ស្តីពីការទទួលខុសត្រូវ លើផលិតផលមានវិការ ដែលជារបៀបវារៈទី២ បន្ទាប់ពីកិច្ចពិភាក្សារួចមក សេចក្តីព្រាងច្បាប់ ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈនេះ ត្រូវបាន អង្គប្រជុំគណៈរដ្ឋមន្ត្រី សម្រេចរក្សាទុកមួយអន្លើសិន ដោយត្រូវបន្តអនុវត្តច្បាប់ ដែលមានស្រាប់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner