សំណើចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូងទទួលបរាជ័យ

បរទេស៖ ចលនាដឹកនាំដោយក្រុមប្រឆាំង ប៉ុនប៉ងចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក បានទទួលបរាជ័យ ដោយសារមិនអាចបំពេញកូរ៉ុមដែលតម្រូវ បន្ទាប់ពីគណបក្សរបស់លោក Yoon ធ្វើពហិការ មិនចូលរួមការបោះឆ្នោត នៅសភា។

លោក Woo Won-shik ប្រធានសភាជាតិបាននិយាយថា «ជាមួយនឹងសំឡេងសរុប ១៩៥ ចំនួនសមាជិកដែលបានបោះឆ្នោត មិនបានឈានដល់ភាគច្រើន ដែលត្រូវការ ពីរភាគបី នៃសមាជិកសរុប។ ដូច្នេះខ្ញុំសូមប្រកាសថា ការបោះឆ្នោតឲ្យមានការចោទប្រកាន់ គឺមិនគ្រប់គ្រាន់»។

គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ក្នុងនោះ លោក Yoon កំពុងតែប្រឈមមុខនឹងការប្រឆាំងខ្លាំង ពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយ របស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាច របស់លោក។ ថ្មីៗនេះ មនុស្សរាប់ម៉ឺននាក់បានចេញមកធ្វើបាតុកម្ម តវ៉ាទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចុះចេញពីតំណែង ជុំវិញបញ្ហាច្បាប់អាជ្ញាសឹកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner