មន្ទីរកិច្ចការនារីខេត្តរតនគិរីបន្តយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ «រួមគ្នាដើម្បី​បញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាព សង្គម និងពិភពលោក»

រតនគិរី ៖មន្ទីរកិច្ចការនារីខេត្តរតនគិរី បានបន្តធ្វើយុទ្ធនាការ១៦ ថ្ងៃដើម្បី​បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ ២០២៤ ក្រោមប្រធានបទ «រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី ដើម្បីវឌ្ឍន​ភាពសង្គម និងពិភពលោក» នៅស្រុកវើនសៃ ក្រោមវត្តមាន​លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរ​ស្រុកវើនសៃ លោកស្រី​ ប្រធានមន្ទីកិច្ចការនារីខេត្ត អាជ្ញាធរមូលដ្ឋាន​ភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ។

ក្នុងកម្មវិធីដែលប្រារព្ធកាលពីថ្ងៃទី៩ ខែធ្នូ លោកស្រី ញាន ទិត្យចិន្តា បានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោល​បំណង​សំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធ​ទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន ។លើកកម្ពស់​ឥរិយាបថ​វិជ្ជមាន​របស់សាធារណជន និង អ្នកផ្តល់សេវាចំពោះ​ជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ។​

ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំ​យុទ្ធនាការ១៦ ថ្ងៃឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធ​សាស្រ្ត​នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលបានបញ្ជាក់អំពី​ការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាបន្ន និងសមធម៌ ដល់ ស្រ្តី និងក្មេងស្រី ដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុង​សង្គម៕
ដោយ៖ គតិ យុត្ត

ads banner