បណ្ឌិត សួន សេរីរដ្ឋា៖ កម្ពុជាមិនមែនជាប្រទេសដែលប្រកាន់របបផ្តាច់ការនោះទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា របបផ្តាច់ការពិតប្រាកដនៅលើពិភពលោក គឺត្រូវតែដួលរំលំ ពីព្រោះរបបផ្តាច់ការមិនទទួលបានការពេញចិត្ត ការគាំទ្រការស្រឡាញ់ពីប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែកម្ពុជាមិនមែនជាប្រទេសដែលប្រកាន់របបផ្តាច់ការទេ គឺជាប្រទេសប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានសង្វៀនប្រកួតប្រជែងការបោះឆ្នោតតាមរយៈលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរៀងរាល់៥ឆ្នាំម្តងៗ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រសូត្រចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ ប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺជាអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រនិងផ្តល់ទំនុកចិត្តឱ្យមេដឹកនាំគណបក្សប្រជាជកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលទទួលខុសត្រូវវាសនាប្រទេសជាតិ និងទទួលខុសត្រូវអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត គឺទទួលបានការគាំទ្រការស្រឡាញ់ការពេញចិត្ត និងមានទំនុកចិត្តពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយអត់មានអ្វីដែលត្រូវព្រួយបារម្ភ និងអត់មានអ្វីដែលត្រូវយល់ច្រឡំដូចអ្វីដែលក្រុមជ្រុលនិយមនិយាយលើកឡើងអំពីរបបផ្តាច់ការនោះទេ ពីព្រោះកម្ពុជាអត់មានរបបផ្តាច់ការ មានតែរបបប្រជាធិបតេយ្យ សេរីពហុបក្ស ហើយដែលអនុវត្តរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគណបក្សណាដែលឈ្នះឆ្នោត គឺដឹកនាំរាជរដ្ឋាភិបាល ដឹកនាំវាសនាប្រទេសជាតិរបស់កម្ពុជា។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានបន្តទៀតថា អ្វីដែលក្រុមជ្រុលនិយមចង្អុលបង្ហាញអំពីប្រទេសបង់ក្លាដេស និងប្រទេសស៊ីរី វាមិនខុសពីអ្វីដែលពួកគេបាននិយាយពីអតីតកាលចង្អុលបង្ហាញពីប្រទេសលីប៊ី ឬក៏ប្រទេសទុយនេស៊ីទេ វាគឺជាសុបិន្តរបស់ពួកគេ ដែលពួកគេគិតថាគេធ្វើនយោបាយ គឺគេចង់ឱ្យមានព្រឹត្តិការណ៍បែបនឹងណាស់ ព្រឹត្តិការណ៍បែបបង្ហូរឈាម ទំនាស់ស៊ីវិល ព្រឹត្តិការណ៍បែបសង្គ្រាមឡើងវិញ។ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺយើងចង់ឱ្យស្ថេរភាព សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ គឺមានជានិច្ចនិរន្តសម្រាប់ធានាដល់ការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបានអះអាងថា នៅកម្ពុជាវាមិនមានអ្វីកើតឡើងដូចជាបណ្តាប្រទេសដែលក្រុមជ្រុលនិយមបានគិតបានស្រម៉ៃចង់បាននោះទេ។ មែនទែន គឺក្រុមពួកគេទេ ក្រុមអ្នកវិភាគរត់ចោលប្រទេស ក្រុមអ្នកនយោបាយរត់ចោលស្រុកនោះទេ គណបក្សរបស់គេមិនទាន់បានឡើងកាន់អំណាចដឹកនាំប្រទេសជាតិ ដឹកនាំវាសនាប្រជាជនកម្ពុជាផង គឺគណបក្សរបស់ពួកគេមានអំពើផ្តាច់ការ និងការដឹកនាំបែបផ្តាច់ការ៕
ដោយ៖ពលជ័យ