សត្វកែះ ១ក្បាលដែល រត់ចូលភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ត្រូវបាន​សង្គ្រោះ និងត្រៀមបញ្ជូនទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួន​ភូត​គាម «ភ្នំតាម៉ៅ»

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋចាប់មកប្រគល់ឱ្យមន្ត្រី​ឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់​ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់​សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូល​ភូមិ​កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រី​ឧទ្យា​នុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពី​សហគម​ន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូលទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។

ឯកឧត្តម ក៏បានវាយតំលៃផងដែរថា វត្តមានរបស់សត្វ«កែះ» អាចនិងមាន​ច្រើនជាងនេះ ដែលនេះគឺជាការល្អ ហើយមិនមែនជាការរំខាននោះទេ ចំពោះ​មនុស្ស ហើយឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​បើឃើញសត្វព្រៃសូមកំឱ្យមានការបរបាញ់ ត្រូវយកចិត្តទុកដាក់ ក្នុងការអភិ​រក្ស​ថែរក្សាសត្វព្រៃ ព្រោះនិងផ្តល់សារៈប្រយោជន៍ទៅដល់សហគមន៍វិញ តាមរយៈចំណូលពីភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ។

សត្វ «កែះ» ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារ​ការ​បាត់​បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជី​ក្រហមអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។

លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់។
«កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា។

នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញ​រកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់​ពីពពោះរយៈពេល៧ខែ។

កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ។
សត្វ «កែះ» គេអាចសម្គាល់បានគឺ វាមានមានសម្បុរខ្មៅប្រផេះ និងរោម​វែង​​ៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង។ ផ្នែកខាង​លើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌​ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ​។

នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ។ សត្វ «កែះ» វាមានស្នែងដូច​សត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner