ប្រមុខកាទូតអាមេរិកទៅអ៊ីរ៉ាក់ ក្រោយស៊ីរីក្បែរខាងដួលរលំ
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសន្យាថា នឹងធ្វើការជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីទប់ស្កាត់ការកើតឡើងវិញ នៃក្រុមរដ្ឋអ៊ីស្លាម បន្ទាប់ពីលោក Bashar al-Assad ត្រូវបានផ្តួលរំលំ នៅក្នុងប្រទេសស៊ីរី ដែលជាប្រទេសជិតខាងនឹងអ៊ីរ៉ាក់។
នៅក្នុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់ដ៏ភ្ញាក់ផ្អើល កាលពីថ្ងៃសុក្រ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។ នៅទីនោះ
លោក Blinken បាននិយាយពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការធ្វើការជាមួយអ៊ីរ៉ាក់ លើកិច្ចការសន្តិសុខ និងអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ដើម្បីធ្វើឱ្យប្រាកដថា អ្វីៗទាំងពីរនេះ ត្រូវបានពង្រឹង និងការពារ។
លោក Blinken បាននិយាយថា «ខ្ញុំគិតថា នេះគឺជាពេលមួយសម្រាប់អ៊ីរ៉ាក់ ក្នុងការពង្រឹងអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជា ស្ថិរភាព សន្តិសុខ និងភាពជោគជ័យរបស់ខ្លួន ឆ្ពោះទៅមុខ»។ លោកបានបន្ថែមថា «គ្មាននរណាម្នាក់ដឹងពីសារៈសំខាន់» ជាងប្រទេសអ៊ីរ៉ាក់ ចំពោះស្ថិរភាព នៅក្នុងប្រទេសស៊ីរី និងជៀសវាងការកើតឡើងវិញ នៃក្រុមជីហាដរដ្ឋអ៊ីស្លាម IS ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់អារ៉ាប់ថា Daesh ។
លោក Blinken បាននិយាយថា «យើងប្តេជ្ញាថា នឹងធ្វើឱ្យប្រាកដថា Daesh មិនអាចលេចចេញជាថ្មីបានទេ..សហរដ្ឋអាមេរិក និង អ៊ីរ៉ាក់ រួមគ្នាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដកហូតទឹកដី កាលីហ្វាត(Caliphate) ដែលក្រុម Daesh បានបង្កើត កាលពីឆ្នាំមុន»។
គួររម្លឹកថា ក្រុមរដ្ឋឥស្លាម IS បានវាយលុកទឹកដីអ៊ីរ៉ាក់ និងស៊ីរី ក្បែរខាងគ្នា នៅក្នុងឆ្នាំ២០១៤ ដោយបានប្រកាសពី “រដ្ឋកាលីហ្វាត” ជាមួយនឹងការចាប់ផ្តើមរជ្ជកាល នៃភេរវកម្ម៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត