សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ។

សូមបញ្ជាក់ថា ក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគីយេ និងប្រទេសអេមីរ៉ាត់អារ៉ាបរួម ។

សម្តេចតេជោ និងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់មកប្រទេសកាតា ប្រទេសតួកគីយេ និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម ។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក ។

ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់សក្តានុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner