“សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ “ ជាប្រធានបទ​ដែលបានលើកឡើង​នៅក្នុងទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤

(រតនគិរី)៖ ទិវាដ៏មានសារៈសំខាន់នេះត្រូវបានរដ្ឋបាលខេត្តរតនគិរី រៀប​ចំ​ប្រារព្ធ​ធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំង​ទាំង​៣ អង្គការដៃគូ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូពេទ្យ សិស្សា​នុសិស្ស និងអ្នកផ្ទុកមេរោគអេដស៍ច្រើនរូបទៀត។

បន្ទាប់ពី លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្ត រាយការណ៍ពី វឌ្ឃនភាព សកម្មភាព ការងារអេដស៍ខេត្ត រួចមកឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ក្នុងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ដោយសារលិខិតបានលើកឡើងថា​ ការប្រារព្ធទិវាពិភព​លោក​ប្រយុទ្ធនឹងជំងឺអេដស៍ ជាឱកាសដ៏មានសារៈ ​សំខាន់សម្រាប់​គូសបញ្ជាក់ពីការ លើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់​នៅ​ជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើ​មាត់​ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ។

លើសពីនេះទៅទៀតទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះ​បញ្ចាំង​នូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជា រាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និង​បទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការ គាំទ្រដល់អ្នកផ្ទុក​មេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំព្យាបាល និងសេវាគាំពារ​សង្គមឆ្ពោះទៅបញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។

នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់​អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់អ្នកផ្ទុក​មេរោគអេដស៍ផងដែរ៕

ដោយ ៖ គតិ យុត្ត

ads banner