ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់សារសំខាន់លើការអនុវត្តរួម​គ្នារវាងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

កំពង់ស្ពឺ៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​២០២៤​និង​លើក​ទិសដៅការងារឆ្នាំ២០២៥របស់ក្រុម​ការងាររាជ​រដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នៅ​សាលាខេត្តកំពង់ស្ពឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត​បានផ្តល់សារសំខាន់ខ្លាំង​លើការខិតខំនិងរួមគ្នា​អនុវត្តការងារក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តមមានប្រសាសន៍ទៅកាន់មន្រ្តីចូលរួមក្នុងឱកាសនេះថា មន្រ្តីថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ​ត្រូវ​រួមគ្នាអនុវត្តការងារឱ្យកាន់ខ្លាំងក្លា​បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការនៃការដឹកនាំរបស់រាជ​រដ្ឋាភិ​បាល​ក្នុងអាណត្តិទី៧នេះទទួលបានផ្លែផ្កានិងស​ម្រេច​បាននូវគោលដៅ​យុទ្ធសាស្ត្របញ្ចកោណយ៉ាងពិតប្រាកដ ។ឯកឧត្តម ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ​ផែនការ​យុទ្ធសាស្ត្រអាទិភាពជាច្រើន​ដើម្បីធ្វើយ៉ាងណាប្រទេសជាតិមានការអភិវឌ្ឍ ។ពិសេសជ្រោងជីវ​ភាព​រស់នៅរបស់​ប្រជា​ពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ជាងនេះ​រាជរដ្ឋា​ភិបាលបាននិងកំពុងកំណត់គោលដៅជាក់លាក់មួយដើម្បីចាកចេញ​ផុតពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៧ហើយកំពុងដើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមាន​ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ដោយរំលេចទៅរកលទ្ធផលការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពង់ស្ពឺក៏​បាន​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចុះតាម​មូលដ្ឋាន​ទូទាំង​ខេត្ត ដែលបានកសាង​ទំនុក​ចិត្តនិងការសង្ឃឹមខ្ពស់ចំពោះប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និង​សូមបន្តយក​ចិត្តទុកដាក់បន្ថែមទៀត ដោយត្រូវដោះ​ស្រាយ ឆ្លើយតបចំពោះសំណូមពរនិងបញ្ហាប្រឈមនានា​ជូន​ប្រជាពល​រដ្ឋបន្ត​ទៀត៕
អត្ថបទ៖ម៉ុន សំអាត

ads banner