គណៈកម្មការរៀបចំការប្រឡងប្រជែង កំណត់យកចុង ខែធ្នូ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលជាក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែងជាច្រើនរូប។
កិច្ចប្រជុំបានកំណត់យកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់យកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមណ្ឌលប្រឡង។ តាមការគ្រោងទុក បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រមាណ ៥,៥២៨នាក់៕
ដោយ ៖ ង៉ាន់ ទិត្យ