ចិនសង់ព្រលានយន្តហោះលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលោក

បរទេស៖ ប្រទេសចិនកំពុងសាងសង់ព្រលានយន្តហោះ នៅលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលើពិភពលោក នោញគឺ អាកាសយានដ្ឋានអន្តរជាតិ Dalian Jinzhouwan មានទីតាំងស្ថិត នៅក្នុងទីក្រុងកំពង់ផែ Dalian ភាគឦសាន ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

កាសែត Interesting Engineering បានចេញផ្សាយ កាលពីថ្ងៃអង្គារថា អាកាសយានដ្ឋានថ្មីនេះ លាតសន្ធឹងលើផ្ទៃដី ២០ គីឡូម៉ែត្រការ៉េ ដោយការងារបុកគ្រឹះចាប់ផ្តើម តាំងពីខែសីហា។ គម្រោងដ៏មានមហិច្ឆតា តម្លៃ ៤.៣ ពាន់លានដុល្លារនេះ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០៣៥។

អាកាសយានដ្ឋាននេះនឹងមានផ្លូវរត់ចំនួន៤ ដែលគ្របដណ្តប់លើផ្ទៃដី ៩០ម៉ឺនម៉ែត្រការ៉េ និងសមត្ថភាពទ្រទ្រង់អ្នកដំណើរចំនួន ៤៣លាននាក់ ក្នុងមួយឆ្នាំ ហើយអាចកើនឡើងទ្វេដង រហូតដល់ ៨០លាននាក់។

អាកាសយានដ្ឋាននេះ ក៏ត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រងទំនិញ រហូតដល់មួយលានតោន ក្នុងមួយឆ្នាំ នេះបើតាមកាសែត Interesting Engineering ដដែល។

យ៉ាងណាមិញ ប្រភពក៏បានចុះផ្សាយអំពីការព្រួយបារម្ភអំពីហានិភ័យ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងផងដែរ ដោយសារទីតាំងព្រលាន្ត ស្ថិតនៅលើកោះសិប្បនិម្មិត ដែលងាយរងគ្រោះ៕

ប្រភពពី Interesting Engineering ប្រែសម្រួល៖ លន់ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner